28 C
Phnom Penh

ក្រសួង​មហាផ្ទៃ៖ ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ភ្លើង​ទៀន​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

យោង​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​គណបក្ស​ភ្លើង​ទៀន ឱ្យ​ពិនិត្យ​ឡើងវិញ និង​អនុវត្ត​តាម​លក្ខន្តិកៈ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។

ការ​ស្នើ​ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​នោះ បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា​២៦​ថ្មី នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ផង​ដែរ។

ទោះជា​យ៉ាងណាក៏ដោយ លោក សុន ឆ័យ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក​នឹង​រៀបចំ​បែបបទ​ឯកសារ​បន្ថែម​ដាក់​ជូន​ក្រសួង​មហាផ្ទៃ នៅ​ពេល​ដែល​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​ក្នុង​ខេត្ត​មណ្ឌលគិរី វិញ​ហើយ​នោះ។

ប្រការ​២០ ក្នុង​លក្ខន្តិកៈ​របស់​គណបក្ស​ភ្លើង​ទៀន ចែង​ថា សមាជ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស ដោយ​មតិ​ភាគច្រើន​ដាច់ខាត (៥០% +១) នៃ​សមាជិក​ដែល​មាន​វត្តមាន។ ចំណែក​ប្រការ​៣៣ ចែង​ថា ប្រធាន​គណបក្ស​តែងតាំង​អនុប្រធាន​យ៉ាង​តិច ១​រូប​ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​នាយក បន្ទាប់ពី​មាន​ការ​យល់ព្រម​ពី​មតិ​ភាគច្រើន​ដាច់ខាត​នៃ​គណៈកម្មាធិការ​នាយក។

លោក សុន ឆ័យ ជា​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​មួយ​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ កាលពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​សំណើ​លោក ហ៊ុន សែន។

ក្រោយពី​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ លោក សុន ឆ័យ បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​គណបក្ស សម រង្ស៊ី៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស