27 C
Phnom Penh

ចិន​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង ទីក្រុង​ប៉េកាំង​បន្ត​បិទ​ខ្ទប់​ក្រោយពី​ក្រុង​សៀងហៃ​ធូរស្រាល​បន្តិច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីក្រុង​ប៉េកាំង កំពុង​ធ្លាក់​ក្នុង​ជំងឺ​ឆ្លង​ផ្លូវដង្ហើម​យ៉ាង​ធ្ងន់ធ្ងរ គឺ​មួយ​ផ្នែក​ធំ​នៃ​រដ្ឋធានី​នេះ​ត្រូវ​បាន​រាំង​ខ្ទប់។ ដោយ​ប្រកាន់​យក​គោលការណ៍​សូន្យ​កូវីដ គឺ​ត្រូវ​បិទ​មណ្ឌល​ពាណិជ្ជកម្ម ហាង​ទំនិញ សាលារៀន កន្លែង​កម្សាន្ត និង​អគារ​លំនៅឋាន​របស់​ប្រជាជន។

ប្រជាជន​ត្រូវតែ​ពាក់​ម៉ាស និង​មិន​អនុញ្ញាត​ជួបជុំ​គ្នា​បាន​ឡើយ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ប្រជាជន​ជាង ៣​លាន ៥​សែន​នាក់ បាន​ធ្វើ​តេស្ដ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​មកនេះ។

ទីក្រុង​ប៉េកាំង មាន​ប្រជាជន​ជាង ២១​លាន​នាក់ ហើយ​លំនៅឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស និង​ប្រធានាធិបតី ស៊ី ជីនពីង ក៏​មាន​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ​ដែរ។ តាម​ប្រភព​ដដែល​នេះ ការ​ឆ្លង​ដល់​ទីក្រុង​ប៉េកាំង គឺ​វា​ចេញពី​ទីក្រុង​សៀងហៃ ដែល​មាន​ប្រជាជន​ជាង ២៤​លាន​នាក់។

នៅ​សៀងហៃ ដែល​ស្ថិត​នៅ​ក្នុង​ការ​បិទ​ខ្ទប់​តាំង​ពី​ជិត​មួយ​ខែ​មក ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ភាព​អត់ធ្មត់ ដោយ​បាន​ប្រកូក​ប្រកាស​តាម​ប្រព័ន្ធ​សង្គម​ចេញ​ធ្វើ​បាតុកម្ម ដើម្បី​បង្ហាញ​កំហឹង និង​ទាមទារ​សុំ​ស្បៀងអាហារ​ពី​រដ្ឋ​អំណាច។

អាជ្ញាធរ​បាន​ចោទ​ភ្លាមៗ​ថា ជា​ក្រុម​បង្ក​ឱ្យ​មាន​ការ​ប្រឆាំង​រដ្ឋ​អំណាច គឺជា​ក្រុម​មាន​ផែនការ​ធ្វើ​បដិវត្តន៍​មហាជន។ មេរោគ​កូវីដ​នៅ​ទីក្រុង​សៀងហៃ គឺ Omicron កូនកាត់ BA.2។

យ៉ាងណា អាជ្ញាធរ​សុខាភិបាល​សាធារណៈ​ចិន មិន​ឆ្លើយ​នឹង​សំណួរ​ជុំវិញ​ការ​បិទ​ខ្ទប់​ក្រុង​ប៉េកាំង ឬ​វិធានការ​ដែល​ត្រូវ​អនុវត្ត​នៅ​ក្រុង​ប៉េកាំង ទេ។ អាជ្ញាធរ​បាន​បញ្ជាក់​ថា ចិន​ចាំបាច់​ត្រូវតែ​បន្ត​យុទ្ធសាស្ត្រ​សូន្យ​កូវីដ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​ចិន ទទួលស្គាល់​ថា អត្រា​ចាក់​ថ្នាំ​បង្ការ​កូវីដ-១៩ លើ​មនុស្ស​ចាស់ និង​កុមារ​នៅ​មាន​ចំនួន​តិច​នៅឡើយ។ ចិន​មាន​វ៉ាក់សាំង​ពីរ​ប្រភេទ គឺ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់។ វ៉ាក់សាំង​ពីរ​ប្រភេទ​នេះ​មិន​សូវ​និយម​ប្រើ​ទេ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ហើយ​បើ​នៅ​អឺរ៉ុប វិញ គឺ​គេ​មិន​ប្រើ​ទេ ព្រោះ​គ្មាន​ប្រសិទ្ធភាព​ច្រើន​ឡើយ។ ដោយឡែក​នៅ​ក្នុង​សមាគម​អាស៊ាន គឺ​ប្រទេស​មួយ​ចំនួន​ក៏​គេ​លែង​ប្រើ​ដែរ។

អ្វី​ជា​ការ​កត់សម្គាល់ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន ដែល​ប្រកាស​ថា​បាន​ឈ្នះ​កូវីដ​ហើយ ជាមួយ​នឹង​ការ​អះអាង​ថា បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ ទាំង​ក្មេង ទាំង​ចាស់ បែរជា​ឆ្លង​រាលដាល​ទៅវិញ?៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស