នៅក្នុងប្រទេសស្រីលង្កា កំពុងផ្ទុះបាតុកម្មផង និងកុបកម្មផង ដែលរូបភាពនេះមិនខុសនឹងបដិវត្តន៍ពណ៌ផ្ទុះនៅអារ៉ាប់ កាលពីឆ្នាំ២០១១ ដែលផ្ដើមចេញពីក្រុមយុវជនងើបឡើងប្រឆាំងរដ្ឋាភិបាលពុករលួយរបស់ប្រធានាធិបតី Zine El Abidine Ben នៃប្រទេសទុយណេស៊ី។
ប្រធានាធិបតី Zine El Abidine Ben បានព្យាយាមកាន់អំណាចតាមរយៈការរំលោភរដ្ឋធម្មនុញ្ញរហូតលោកកាន់អំណាចបានជាង ២០ឆ្នាំ តែទីបំផុត ត្រូវបានទាញទម្លាក់ដោយកម្លាំងមហាជននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ ដោយបាតុករប្រើពេលវេលា ២៨ថ្ងៃ។
ចំណែកនៅប្រទេសស្រីលង្កា ដែលជាប្រទេសក្រីក្រ និងជាកូនបំណុលរបស់ចិនពាន់លានដុល្លារ គឺប្រទេសអាស៊ីខាងត្បូងមួយនេះធ្លាក់ក្នុងបាតុកម្មផង និងកុបកម្មផង ដែលមើលទៅជារូបភាពបដិវត្តន៍មហាជនបានផ្ទុះឡើងជិត ១០ថ្ងៃមកហើយ។
កុបករ និងសមត្ថកិច្ច ប៉ូលិស និងយោធា បានប៉ះទង្គិចខណៈការចាប់ខ្លួនកុបកររាប់សិបនាក់។ បញ្ហានេះកើតចេញពីរដ្ឋាភិបាលក្រុងកូឡំបូ ដែលបានបិទចរន្តអគ្គិសនីបំភ្លឺតាមផ្លូវ និងលំនៅឋានរបស់ពលរដ្ឋដល់ទៅជាង ១០ម៉ោងក្នុងមួយថ្ងៃ ក្រោមហេតុផលនៃការជួយសន្សំប្រាក់ចំណូលរបស់រដ្ឋ។
តែធាតុពិត មិនត្រឹមតែមានវិបត្តិថាមពលនោះទេ ដោយសារប្រទេសជាប់បំណុលបរទេសជាង ៥១ពាន់លានដុល្លារ ហើយក្នុងនោះក៏ជំពាក់ចិនច្រើនលើសលប់ ដែលនាំឲ្យប្រទេសនេះជួបវិបត្តិដ៏ធ្ងន់ធ្ងរ ព្រោះតែសេដ្ឋកិច្ចធ្លាក់ដុនដាបយ៉ាងអាក្រក់បំផុត ស្របពេលប្រទេសនេះបាត់បង់ទុនបម្រុងរដ្ឋដល់ទៅជិត ៨០% ឯណោះ។
ការបាត់បង់ទុនបម្រុងរបស់រដ្ឋ មានន័យថា ឃ្លាំងស្តុកប្រាក់របស់រដ្ឋដើម្បីជួយទប់ស្កាត់វិបត្តិក្នុងគ្រាមានអាសន្នរបស់ប្រទេស សឹងតែសូន្យទៅហើយ។ ក្នុងគ្រាដែលរដ្ឋទាំងមូលសឹងតែអស់ប្រាក់ក្នុងខ្លួន គឺសង្វាក់សេដ្ឋកិច្ចរបស់ប្រទេសនេះសឹងតែលែងដំណើរការទៀតផង។
ប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម វិស័យកាត់ដេរ វិស័យទេសចរណ៍ បានធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ព្រោះតែប្រទេសប្រឈមនឹងការបិទខ្ទប់ប្រទេសករណីផ្ទុះជំងឺកូវីដ-១៩ ហើយដែលរោគចង្រៃនេះហើយជាប្រភពដំបូងចេញពីប្រទេសចិន ដែលជាម្ចាស់បំណុលរបស់ប្រទេសក្រីក្រ និងពុករលួយមួយនេះ។
តាមដំណឹងពីរដ្ឋធានីកូឡំបូ សមាជិកសភានៃរដ្ឋាភិបាលចម្រុះបែកបាក់គ្នាអស់ទៅហើយនៅក្រោមសម្ពាធរបស់មហាជនធ្វើបាតុកម្មគាបសង្កត់ទៅលើត្រកូល Rajapaksa ដែលជាប្អូនបង្កើតរបស់ប្រធានាធិបតី។
នៅក្នុងប្រទេសនេះ បងជានាយករដ្ឋមន្ត្រី ប្អូនប្រុសពៅជារដ្ឋមន្ត្រីហិរញ្ញវត្ថុ បងប្រុសច្បងគេជារដ្ឋមន្ត្រីកសិកម្ម ហើយកូនៗ និងបងប្អូនជីដូនមួយសុទ្ធសឹងតែជាអ្នកជំនួញធំៗ និងខ្លះទៀតជាមេទ័ព។ នៅពេលនេះ កម្លាំងមហាជនកំពុងតែរុញឲ្យត្រកូលមហាអំណាចមួយនេះឲ្យរលំរលាយ។
បាតុកររាប់ម៉ឺននាក់ដែលផ្ទុះឡើងពាសពេញប្រទេសកាលពីថ្ងៃអាទិត្យ ទី៣ មេសា បានទាមទារឱ្យប្រធានាធិបតី Gotabaya Rajapaksa និង Mahinda Rajapaksa ជានាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
យុវជនដែលមានកំហឹងក្នុងចិត្តរាប់ពាន់នាក់បានទៅឡោមព័ទ្ធភូមិគ្រឹះរបស់មេដឹកនាំបងប្អូនពីរនាក់នេះ។ គោលដៅរបស់បាតុករ គឺដើម្បីចូលចាប់ខ្លួនមេដឹកនាំពីររូបនេះនៅក្នុងផ្ទុះ ប៉ុន្តែក្រុមបាតុករវ័យក្មេងមិនអាចរុលចូលភូមិគ្រឹះបានឡើយ។
បាតុករត្រូវបានរុញច្រានដោយកម្លាំងយោធាដែលមានអាវុធបាញ់សម្លុត បាញ់បំភ័យ។ ក្រុមបាតុករស្រែកព្រមគ្នាៗថា ត្រូវបញ្ចប់អំណាចរបស់ត្រកូល Rajapaksa ព្រោះជាត្រកូលពុករលួយគាបសង្កត់ប្រជាជន កិបកេងទ្រព្យសម្បត្តិជាតិ។
សេចក្ដីរាយការណ៍ចុងក្រោយ គឺគណៈរដ្ឋមន្ត្រីទាំងមូលនៃប្រទេសស្រីលង្កា បានលាលែងចេញពីតំណែងអស់ហើយនៅចំពោះមុខបាតុកម្ម។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន BBC។
រដ្ឋមន្ត្រីទាំងអស់ចំនួន ២៦រូប ក្នុងនោះរួមមានទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីកីឡា ដែលជាបងប្អូនរបស់ប្រធានាធិបតី Gotabaya Rajapaksa បានដាក់លិខិតលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ទី៣ មេសា។ ប៉ុន្តែលោក Gotabaya Rajapaksa និងបងប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa នៅតែបន្តកាន់តំណែងដដែល ដោយប្រកាសថានឹងជ្រើសរើសគណៈរដ្ឋមន្ត្រីថ្មីឲ្យបានក្នុងពេលខាងមុខនេះ។
លោក Gotabaya Rajapaksa ប្រកាសថា លោកនឹងមិនលាលែងពីតំណែងឡើយ បើទោះជាលោកកំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញពីតំណែងពីសំណាក់ក្រុមបាតុករ និងគណបក្សប្រឆាំងក៏ដោយ។ នេះជាការបញ្ជាក់របស់ Johnston Fernando រដ្ឋមន្ត្រីផ្លូវថ្នល់ និងដឹកជញ្ជូន ដែលជាមិត្តជិតស្និទ្ធនឹងលោកប្រធានាធិបតី Gotabaya។

នៅពេលបាតុកម្មពោរពេញដោយកំហឹង លោក Gotabaya ដែលជាមេទ័ពម្នាក់ផងដែរអំឡុងបងប្រុសលោក គឺលោក Mahinda Rajapaksa ឡើងជាប្រធានាធិបតី លោកបានប្រកាសប្រាប់បាតុករថា លោកជាអ្នកនយោបាយជាប់ឆ្នោតពីប្រជាជន គឺលោកត្រូវការបញ្ចប់អំណាចរបស់លោកវិញតាមរយៈសន្លឹកឆ្នោត។
ទោះជាយ៉ាងណា លោក Gotabaya នៅតែអំពាវនាវឱ្យមានការរួបរួមគ្នាឡើងវិញ ដើម្បីបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិថ្មីមួយ ហើយក្នុងគោលដៅដោះស្រាយវិបត្តិសេដ្ឋកិច្ចដែលប្រទេសកំពុងប្រឈមមុខធ្ងន់ធ្ងរនេះ។
ប៉ុន្តែមើលទៅ គណៈរដ្ឋមន្ត្រីថ្មីទំនងមិនអាចចេញរូបរាងបានទេ ព្រោះសមាជិកសភារបស់ក្រុមចម្រុះជាមួយរដ្ឋាភិបាល បានបែកបាក់អស់ហើយ។ បើដូចនេះ គឺប្រធានាធិបតីត្រូវរំលាយសភា ហើយបោះឆ្នោតឡើងវិញ គឺទាំងបោះឆ្នោតសភា និងបោះឆ្នោតប្រធានាធិបតី។
ខណៈនេះ ស្រីលង្កាជាប់ប្រាក់បំណុលបរទេសសរុប ៥១ពាន់លានដុល្លារ ដែលមួយភាគធំខ្ចីពីចិន។ អ្នកជំនាញសេដ្ឋកិច្ចថា ស្រីលង្កាលែងមានលទ្ធភាពសងបំណុលហើយនៅពេលនេះ។
តាមមើលទៅ រដ្ឋាភិបាលស្រីលង្កា គ្មានជម្រើសអ្វីផ្សេងក្រៅពីរកខ្ចីប្រាក់ថែមទៀតដើម្បីសងបំណុលគេ។ តើថាចិនដែលជាម្ចាស់បំណុលធំជាងគេ ឱ្យស្រីលង្កាខ្ចីប្រាក់ទៀតឬទេ នៅពេលវេលាត្រូវសងចិនតាំងពីឆ្នាំ២០១៨ ក្នុងមួយឆ្នាំៗ ៥០០លានដុល្លារ ស្រីលង្កាពុំមានលទ្ធភាពសងផងនោះ ដែលនាំឲ្យចិនរឹបអូសកំពង់ផែសមុទ្ររបស់ប្រទេសនេះទៅហើយនោះ។ កូនបំណុលធំទី២ គឺឥណ្ឌា។ ឥណ្ឌាប្រាប់ស្រីលង្កាថា សងតែប្រាក់ដើមបានហើយ តែស្រីលង្កានៅតែពុំមានលទ្ធភាពទៀត។ បំណុលមានច្រើនបំផុតពីចិន គឺលោក Mahinda Rajapaksa ជាអ្នកខ្ចី ព្រោះជាង ១០ឆ្នាំមុននោះ លោកគឺជាប្រធានាធិបតីស្រីលង្កា ហើយជាមិត្តជិតស្និទ្ធបំផុតនឹងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ប្រាក់កម្ចីចិន ដែលពុំមានតម្លាភាព និងមានការប្រាក់ខ្ពស់ នាំឲ្យកើតមានអំពើកេងប្រវ័ញ្ច។ សំណង់កំពង់ផែសមុទ្រ Hambantota ដែលធ្លាក់ក្រោមការរឹបអូសពីចិនទៅហើយនេះ បានបាត់ថវិកាគម្រោងសំណង់ដល់ទៅ ៣០០លានដុល្លារក្នុងប្រាក់កម្ចីសរុប ១ពាន់លានដុល្លារ។
ក្រុមបាតុកម្មរបស់មហាជនស្រីលង្កា ក៏បានលើកឡើងអំពីទ្រព្យសម្បត្តិស្ដុកស្ដម្ភរបស់ត្រូល Rajapaksa ដែលមានពាសពេញប្រទេស។ ក្រុមបាតុករខ្លះស្រែកថា ត្រូវបញ្ចប់អំណាចរបស់ត្រកូល Rajapaksa ហើយរកឱ្យឃើញទ្រព្យសម្បត្តិរបស់ត្រកូលមួយនេះ ដើម្បីរឹបអូសមកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ៕