26 C
Phnom Penh

ក្រុមប្រឹក្សា​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ​និង​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​នយោបាយ និង​សកម្មជន​សង្គម ដោយ​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 ប្រភេទ​ថ្មី «អូមីក្រុង» ចូល​ទៅ​ក្នុង​ពន្ធនាគារ ខណៈ​ពន្ធនាគារ​បច្ចុប្បន្ន​កំពុង​មាន​ស្ថានភាព​ចង្អៀត​ណែន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ លើកឡើង​ថា ពន្ធនាគារ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​មិនទាន់​បាន​ប្រតិបត្តិ​ត្រឹមត្រូវ​ទៅ​តាម​វិធាន​សុខាភិបាល​របស់​ក្រសួង​សុខាភិបាល នៅឡើយ។

ករណី​នេះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បង្ហាញ​ការ​ព្រួយបារម្ភ បើសិនជា​ជំងឺ Covid-19 ប្រភេទ​ថ្មី «អូមីក្រុង» ឆ្លង​រីក​រាលដាល​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស និង​ពន្ធនាគារ​ផ្សេងៗ​ទៀត ក្នុង​នោះ​បន្ទប់​ពន្ធនាគារ​នីមួយៗ​មាន​ផ្ទុក​មនុស្ស​ច្រើន​ជាង ២០​នាក់​ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​អ្នក​ជាប់ឃុំ​រងគ្រោះ​បំផុត។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងស្រុង​លើ​ក្រុម​សកម្មជន​សង្គម នយោបាយ អ្នកទោស​មនសិការ រួម​ទាំង​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ ហើយ​ត្រូវ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​ស្រប​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ គោលការណ៍​ច្បាប់ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដដែល​ថា សកម្មជន​សង្គម នយោបាយ រួម​ទាំង​អ្នកទោស​មនសិការ​ភាគច្រើន​ត្រូវ​បាន​ឃុំ​ខ្លួន​លើស​នីតិវិធី​កំណត់​ដោយ​ច្បាប់ ពោល​គឺ​លើស​ពី ១៨​ខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​ត្រឹមត្រូវ និង​មិន​បាន​ទទួល​នូវ​យុត្តិធម៌​ឡើយ។

ជាក់ស្ដែង អតីត​សកម្មជន មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន ដូចជា​លោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុធី និង​លោក ទុំ ប៊ុនថន ជាដើម ពួកគេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត ២០​ខែ​មក​ហើយ។

បើ​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​បង្ហាញ​សេចក្តី​រាយការណ៍​ខ្លួន​ថា កម្ពុជា​នៅ​មាន​អ្នកទោស​នយោបាយ សង្គម និង​ដីធ្លី​ជាង ៦០​នាក់​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នានា។

ដោយឡែក​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពី​ដើម​ឆ្នាំ​មុន​បាន​បង្ហាញ​សេចក្តី​រាយការណ៍​មួយ​ថា គិត​ត្រឹម​ខែ​មីនា ឆ្នាំ​២០២០ អ្នក​ជាប់ឃុំ​នៅ​ទូទាំង​ប្រទេស​មាន​ជិត ៤​ម៉ឺន​នាក់ ខណៈ​ពន្ធនាគារ​នៅ​កម្ពុជា​អាច​ដាក់​អ្នក​ជាប់ឃុំ​បាន​ប្រមាណ ២​ម៉ឺន ៦​ពាន់​នាក់​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស