32 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន បង្ក្រាប​កម្មករ​ដើម្បី​ជាតិ ឬ​ដើម្បី​ក្រុមហ៊ុន?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​សកម្មជន​នយោបាយ ឬ​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​បាតុកម្ម​អហិង្សា​អ្វី​មួយ របប​លោក ហ៊ុន សែន តែងតែ​អះអាង​ថា​គឺជា​វិធានការ​ផ្លូវច្បាប់។ លោក ហ៊ុន សែន ក៏​តែងតែ​អះអាង​ផង​ដែរ​ថា ការ​បង្ក្រាប​ទាំងនោះ​គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ជាតិ ដោយ​ធ្លាប់​ទាំង​សម្ដែង​ការ​សោកស្តាយ​ដែល​គាត់​មិន​បាន​សម្លាប់​បាតុករ​ពីរ ឬ​បី​រយ​នាក់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​អហិង្សា​នា​ដើម​ឆ្នាំ​២០១៤ លើ​ផ្លូវ​វ៉េងស្រេង ថែម​ទៀត។

ជាក់ស្តែង រហូត​មក​ទល់​ពេលនេះ កម្មករ និង​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) ប្រហែល ២០​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៩​ចំណុច។

សមត្ថកិច្ច​បញ្ជូន​មន្ត្រី​សហជីព និង​បុគ្គលិក​ណាហ្គា​វើលដ៍ (Naga World) ចំនួន ៥​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២២។ (រូបភាព​ពី​សង់ត្រាល់)

ដូច្នេះ តើ​ការ​បង្ក្រាប​របស់​លោក ហ៊ុន សែន ទៅលើ​ក្រុម​បាតុករ​អហិង្សា ដើម្បី​អនុវត្ត​ច្បាប់ ដើម្បី​សង្គម​ជាតិ ឬ​ដើម្បី​ក្រុមហ៊ុន?

ក្រុមហ៊ុន​ល្បែង​ស៊ីសង​ដ៏​ធំ​មួយ​កណ្តាល​ទីក្រុង​ភ្នំពេញ គឺ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ បាន​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​ប្រមាណ​ជាង ៣០០​នាក់។ ការ​បញ្ឈប់​នេះ​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​រាយការណ៍​ថា ដោយសារតែ​ពួកគេ​ជា​ថ្នាក់​ដឹកនាំ និង​ជា​សមាជិក​សហជីព​ដែល​ការពារ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​នេះ។ លើស​ពី​នេះ សហជីព​នេះ​ក៏​មាន​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ការ​រំលោភ​ច្បាប់​ការងារ និង​សិទ្ធិ​កម្មករ​ក្នុង​កន្លែង​ធ្វើការ​ផង​ដែរ។

ដោយ​ចាត់ទុក​ថា​ការ​បញ្ឈប់​នោះ​ជា​រឿង​អយុត្តិធម៌ បុគ្គលិក​រាប់​រយ​នាក់​នៃ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​មួយ​នេះ បាន​ធ្វើ​កូដកម្ម​ជាបន្តបន្ទាប់​ដើម្បី​ទាមទារ​ឱ្យ​ទទួល​យក​បុគ្គលិក​ទាំងនោះ​ចូល​ធ្វើការ​វិញ និង​ការ​កែ​សម្រួល​លក្ខខណ្ឌ​ការងារ​ក្នុង​កន្លែង​ធ្វើការ។ ប៉ុន្តែ​គ្រប់​សកម្មភាព​តវ៉ា​ដោយ​សន្តិវិធី​របស់​ក្រុម​បុគ្គលិក​ទាំងនោះ តែងតែ​ទទួល​បាន​នូវ​ការ​រារាំង ការ​ទប់ស្កាត់ និង​ការ​ចាប់​ខ្លួន​ដោយ​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ ការ​ការពារ​ខ្លាំងក្លា​ពី​សំណាក់​កងកម្លាំង​របស់​រដ្ឋាភិបាល បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មិន​ខ្វល់​នឹង​សំឡេង​ទាមទារ​របស់​បុគ្គលិក និង​ជា​ការ​លើក​ទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត​រំលោភ​ច្បាប់ និង​សិទ្ធិ​ការងារ​ស្រេច​តែ​ទំនើង​ចិត្ត។

រឿង​ណាហ្គា​វើលដ៍ មិន​មែន​ជា​ករណី​ទី​មួយ​ទេ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន រារាំង​ការ​តវ៉ា​របស់​កម្មករ ឬ​ការពារ​ក្រុមហ៊ុន​នោះ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្លាប់​បាន​ធ្វើ​បែប​នេះ​ចំពោះ​កម្មករ​នៃ​ក្រុមហ៊ុន និង​រោងចក្រ​នានា​ជាច្រើន​ទៀត​រាប់​មិន​អស់​មក​ហើយ​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បាញ់​លើ​ហ្វូង​កម្មករ​រាប់​ពាន់​នាក់​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា​លើ​ផ្លូវ​វ៉េងស្រេង ក្នុង​រាជធានី​ភ្នំពេញ។ ការ​បង្ក្រាប​ដ៏​ឃោរឃៅ​នោះ បាន​បណ្តាល​ឱ្យ​យុវជន ៥​នាក់​ស្លាប់ រាប់​សិប​នាក់​រង​របួស និង​ត្រូវ​បាន​ចាប់​ខ្លួន។ ស្រដៀង​គ្នា​នេះ​ដែរ កម្លាំង​នគរបាល​របស់​លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បាញ់​លើ​កម្មការិនី​បី​រូប​ដែល​កំពុង​ចូលរួម​បាតុកម្ម​អហិង្សា​ជាមួយ​កម្មករ​ប្រមាណ ៦​ពាន់​នាក់​ក្នុង​ខេត្ត​ស្វាយរៀង។

(រូប​ឯកសារ)៖ ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​របស់​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ប្រាក់ខែ ១៦០​ដុល្លារ​នៅ​មុខ​រោងចក្រ យ៉ាកជីន (Yakjin) ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ និង​នៅ​លើ​កំណាត់ផ្លូវ​វ៉េងស្រេង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ទាំងអស់​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​ហិង្សា​ជាច្រើន​ករណី​ដែល​កងកម្លាំង​របស់​លោក ហ៊ុន សែន បាន​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​លើ​កម្មករ ឬ​បុគ្គលិក​ដើម្បី​ការពារ​ក្រុមហ៊ុន​នានា។

ទាក់ទិន​នឹង​ចំណាត់ការ​ដ៏​ហិង្សា​ទាំងនេះ គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​ហេតុ​អ្វី​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​មាន​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ហិង្សា​បែប​នេះ?

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ខ្លះ​និយាយ​ថា ការ​បង្ក្រាប​ទៅលើ​កម្មករ​ដែល​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ទាំងនោះ ដោយសារ​ពួកគេ​ជា​អ្នក​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​ការងារ​របស់​ក្រុមហ៊ុន ឬ​បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

ប្រសិនបើ​ចម្លើយ​បែប​នេះ​មែន ដូច្នេះ​ហេតុ​អ្វី​រដ្ឋាភិបាល​មិនព្រម​ពិនិត្យ​មើល និង​ជួយ​ដោះស្រាយ ឫសគល់​នៃ​បញ្ហា​ដែល​នាំ​ឱ្យ​កម្មករ ឬ​បុគ្គលិក​ធ្វើការ​តវ៉ា​នោះ​ទៅ?

ជាទូទៅ នៅ​ពេល​ដែល​មាន​វិវាទ​ម្តងៗ មន្ត្រី​រដ្ឋាភិបាល​ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​ទំនាស់ តែង​ការពារ​ផលប្រយោជន៍​របស់​ក្រុមហ៊ុន ជាជាង​ផលប្រយោជន៍​កម្មករ ឬ​បុគ្គលិក។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ធ្លាប់​បាន​លើកឡើង​ជា​ញឹកញាប់​អំពី​ការ​រំលោភ​សិទ្ធិ​កម្មករ ឬ​បុគ្គលិក​ធ្ងន់ធ្ងរ​ដោយ​រោងចក្រ និង​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​កម្ពុជា។

កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ចំនួន​៣៣ បាន​សរសេរ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​បរទេស​ចំនួន​១៣ ដែល​ជា​ទីផ្សារ​នៃ​ការ​ទទួល​យក​ផលិតផល​រោងចក្រ​កាត់ដេរ​របស់​កម្ពុជា។ លិខិត​នោះ​បាន​លើកឡើង​អំពី​អំពើ​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បណ្តា​រោងចក្រ​នានា​ដែល​ពួកគេ​កំពុង​បម្រើ​ការ។ ប៉ុន្តែ​របាយការណ៍​ទាំងនោះ ត្រូវ​បាន​បដិសេធ​ភ្លាមៗ​ដោយ​មន្ត្រី​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ ពេល​ខ្លះ មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​បាន​ធ្វើការ​បដិសេធ​ដោយ​ទាំង​មិន​ទាន់​បាន​អាន​របាយការណ៍​ថែម​ទៀត​ផង។

ក្រុម​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga world) បន្ត​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់​ដឹកនាំ រួម​ទាំង​សកម្មជន​សហជីព​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២។ (រូបភាព​ពី​ហ្វេសប៊ុក​សង់ត្រាល់)

តើ​អ្វី​ទៅ​ជា​មូលហេតុ​នៃ​ការ​ការពារ​ក្រុមហ៊ុន​ដោយ​ក្រុម​មន្ត្រី​របស់​លោក ហ៊ុន សែន?

តាម​ពិត មន្ត្រី​ទាំងនោះ​តែង​រង​ការ​ចោទប្រកាន់​អំពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ទទួល​សំណូក​ពី​បណ្តា​ក្រុមហ៊ុន​នានា ដើម្បី​ការពារ​ក្រុមហ៊ុន​ទាំងនោះ។

បើ​គេ​ពិនិត្យ​មើល​អំពី​របាយការណ៍​ចំណូល ឬ​ចំណេញ​វិញ កម្មករ​ឬ​បុគ្គលិក​ទាំងនោះ​រក​ចំណូល​សម្រាប់​ក្រុមហ៊ុន និង​សង្គម​ជាតិ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្រុមហ៊ុន ណាហ្គា​វើលដ៍ ទទួល​បាន​ចំណូល​សរុប ១៤០០​លាន ឬ​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន ៣៩០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​អភិវឌ្ឍន៍​កម្ពុជា​ដោយ​បើក​ចំហ (ODC) វិស័យ​កាត់ដេរ​របស់​ប្រទេស​កម្ពុជា​រក​បាន​ប្រាក់ចំណូល​សរុប​ជិត ៨​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩។

បើ​គេ​ពិនិត្យ​មើល​របាយការណ៍​ចំណូល​ខាងលើ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ប្រទេស និង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ជាតិ​មួយ លោក ហ៊ុន សែន គួរតែ​អរគុណ​បុគ្គលិក​កម្មករ​ទាំងអស់​ដែល​បាន​ចូលរួម​បង្កើត​ចំណូល​សម្រាប់​សង្គម​ជាតិ។ ជាទូទៅ ការ​ការពារ​ផលប្រយោជន៍​ទាំងសងខាង គឺ​ទាំង​ខាង​កម្មករ ឬ​បុគ្គលិក និង​ទាំង​ខាង​ក្រុមហ៊ុន​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌ គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​ភាគី​ទាំង​ពីរ​សុទ្ធតែ​បាន​បង្កើត​ចំណូល​សម្រាប់​ជាតិ។ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន មន្ត្រី​និង​កងកម្លាំង​របស់​លោក ហ៊ុន សែន ការពារ​តែ​ក្រុមហ៊ុន ហើយ​បង្ក្រាប​តែ​ខាង​កម្មករ ឬ​បុគ្គលិក ដោយ​រួម​ទាំង​ការ​បាញ់​សម្លាប់​ពួកគេ​យ៉ាង​ខ្លោចផ្សា​ថែម​ទៀត​ផង។

បើ​គេ​ពិនិត្យ​មើល​ទង្វើ​បង្ក្រាប​ដ៏​ឃោរឃៅ​ទៅ​លើ​កម្មករ​និយោជិត​កន្លងមក គឺ​ផ្ទុយ​នឹង​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​លោក ហ៊ុន សែន ធ្លាប់​ប្រកាស និង​សម្ដែង​កន្លងមក។ គណបក្ស​កុម្មុយនីស្ត​មួយ​នេះ ធ្លាប់​ប្រកាស​ថា ខ្លួន​ជា​គណបក្ស​របស់​វណ្ណៈ​កសិករ កម្មករ និង​ដើម្បី​កសិករ ឬ​កម្មករ។

ស្រដៀង​គ្នា​នេះ ក្រោយ​បាត់បង់​អាសនៈ​រដ្ឋសភា​យ៉ាង​សន្ធឹកសន្ធាប់​លើ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ចុះ​ជួប និង​ឱប​ថើប​កម្មករ​និយោជិត​ចាប់ពី​ចុង​ឆ្នាំ​២០១៤ រហូត​ដល់​ឆ្នាំ​២០១៧។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​បញ្ឈប់​យុទ្ធនាការ​នោះ​វិញ​ដោយ​លែង​នឹកនា​ចុះ​ជួប​កម្មករ​ដូច​មុនៗ​ទៀត​ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១៧ មក បន្ទាប់ពី​លោក​បាន​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​កម្មករ​កម្មការិនី និង​និយោជិត​ពី​រោងចក្រ​ចំនួន​១៤ នៅ​តំបន់​ទួលពង្រ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (រូបភាព​ពី pressocm.gov.kh)

ដោយ​ផ្អែក​លើ​ទឡ្ហីករណ៍​នេះ គេ​អាច​ធ្វើការ​សន្និដ្ឋាន​ថា អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ធ្លាប់​ថ្លែង ឬ​សម្ដែង​ចំពោះ​កម្មករ​និយោជិត​នោះ គឺ​សុទ្ធតែ​ជា​រឿង​បោកប្រាស់។ តាម​ពិត គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន មិន​មែន​ធ្វើ​អ្វីៗ​ដើម្បី​កសិករ ឬ​កម្មករ​នោះ​ទេ តែ​ដើម្បី​ថៅកែ​ក្រុមហ៊ុន ឬ​ពួក​អ្នក​មាន​លុយ និង​មាន​អំណាច។

ដូច្នេះ គេ​អាច​ចោទ​ជា​សំណួរ​ថា តើ​លោក ហ៊ុន សែន បង្ក្រាប​កម្មករ​និយោជិត​ដើម្បី​ផលប្រយោជន៍​ជាតិ ឬ​ដើម្បី​ផលប្រយោជន៍​ក្រុមហ៊ុន?

តាម​ពិត បើ​គេ​ក្រឡេក​មើល​មួយ​ភ្លែត គេ​អាច​ឆ្លើយ​ដោយ​ងាយ​ថា ការ​បង្ក្រាប​កម្មករ​កន្លងមក គឺ​ដើម្បី​ផលប្រយោជន៍​របស់​ក្រុមហ៊ុន។

មហាជន​ទូទៅ​ប្រាកដជា​ចាំ​មិន​ភ្លេច​ឡើយ​ចំពោះ​របាយការណ៍​របស់​អង្គការ Global Witness ដែល​ចេញ​ផ្សាយ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៦ មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ទាំង​កណ្តាល​ថ្ងៃ​ត្រង់។

មុន​គេ​ធ្វើ​ឃាត​គាត់ បណ្ឌិត កែម ឡី បាន​ធ្វើការ​វិភាគ​អំពី​របាយការណ៍​នោះ។ អង្គការ Global Witness បាន​ធ្វើ​ការ​ស៊ើបអង្កេត និង​លាតត្រដាង​អំពី​រឿង​អាស្រូវ​របស់​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន ដែល​បាន​គ្រប់គ្រង និង​ដាក់​ហ៊ុន​ខ្យល់ គឺ​ភាគហ៊ុន​ដោយ​មិន​ដាក់​លុយ​ក្នុង​ក្រុមហ៊ុន​ជំនួញ​ធំៗ​ស្ទើរ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា។ តាមរយៈ​របាយការណ៍​នេះ ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ពាក្យ​ខ្មែរ​មួយ​ឃ្លា​ថា “អារ​សាច់​ជូន​ខ្លា ទើប​នៅ​ស្រុក​បាន”។ ដូច្នេះ​ប្រហែលជា​ស្ទើរ​គ្រប់​ក្រុមហ៊ុន​ធំៗ​ទាំងអស់​សុទ្ធតែ​ត្រូវ​ផ្តល់​ភាគលាភ ឬ​ផលប្រយោជន៍​ដល់​គ្រួសារ​ត្រកូល ហ៊ុន ទោះ​តិច ឬ​ច្រើន​ក្តី បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​មិន​អាច​ឈរ​ជើង​ក្នុង​ប្រទេស​កម្ពុជា​បាន​ឡើយ។

ដូច្នេះ អ្វី​ដែល​លោក ហ៊ុន សែន បង្ក្រាប​កម្មករ​និយោជិត ហើយ​ការពារ​ក្រុមហ៊ុន​និយោជក​នោះ គឺ​មិន​មែន​ដើម្បី​ក្រុមហ៊ុន​នោះ​ទេ ហើយ​ក៏​មិន​មែន​ដើម្បី​ផលប្រយោជន៍​ជាតិ​ដែរ តែ​គឺ​ដើម្បី​ផលប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន របស់​គាត់​ដែល​ទទួល​បាន​ភាគលាភ ឬ​ការ​ផ្តល់​ប្រយោជន៍​អំពី​ក្រុមហ៊ុន​ទាំងនោះ​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស