25 C
Phnom Penh

តំណាង​កម្ពុជា​ព្រមាន​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ជ្រៀតជ្រែក​ដែន​អធិបតេយ្យ​របស់​កម្ពុជា

បទវិភាគ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ព្រមាន​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ឱ្យ​រក្សា​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព និង​ដែន​យុត្តាធិការ​ក្នុង​ស្រុក​របស់​រដ្ឋ​នីមួយៗ ជាពិសេស​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែម្តង។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ​ដែល​បង្ក​ការ​ភ័ន្ត​ច្រឡំ មាន​លក្ខណៈ​នយោបាយ និង​មាន​បុរេវិនិច្ឆ័យ​របស់​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) លោក Rupert Colville លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ពុំ​ដែល​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ​ទេ ហើយ​ពួកគេ​បាន​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភស្តុតាង និង​សាក្សី រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ស្រប​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ ដោយ​គ្មាន​ការ​ធ្វេសប្រហែស​លើ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ឡើយ។

កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២១ អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) លោក Rupert Colville បាន​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ពី​ភាព​មិន​ស៊ីចង្វាក់​គ្នា​រវាង​ភស្តុតាង​ដែល​ផ្តល់​ដោយ​អាជ្ញាធរ និង​ព័ត៌មាន​ដែល​ទទួល​បាន​ដោយ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក។

លោក​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​មិន​លម្អៀង​លើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង​កាលពី​ពេល​កន្លងទៅ​នោះ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា និង​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ផង​ដែរ។

ការ​លើកឡើង​របស់​ភ្នាក់ងារ​នៃ​អង្គការ​សហប្រជាជាតិ​រូប​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើប​អង្កេត​សាជាថ្មី​លើ​ករណី​ឃាតកម្ម​របស់​លោក ស៊ិន ខុន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាក់​នឹង​កាំបិត​បណ្តាល​ឱ្យ​ស្លាប់ ដែល​គេ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។

លោក ស៊ិន ខុន យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​ឃាត​កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១។

កាលពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក ស៊ិន ខុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​ត្រូវ​ជាច្រើន​កាំបិត​នៅ​លើ​ដងខ្លួន បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ។ ជាង​នេះ​ទៀត លើ​ក្បាល និង​ខ្នង​របស់​សាកសព​មាន​ស្នាម​កាំបិត​ជាច្រើន​កន្លែង​ទៀត​ផង ដែល​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​តែម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ សង្គម​ស៊ីវិល​ធ្លាប់​បាន​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​ថា ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៩ មក សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយប្រហារ​បណ្តាល​ឲ្យ​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​មាន​អ្នក​ខ្លះ​បាក់​ដៃ បាក់​ជើង បាក់​ឆ្អឹងជំនីរ បែក​ក្បាល ជាដើម។

សកម្មជន​បក្ស​ប្រឆាំង​តែង​រង​ការ​វាយប្រហារ​ដោយ​ជន​មិន​ស្គាល់​មុខ ខណៈ​សំណុំរឿង​ទាំងនោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​វែក​មុខ​ជន​ដៃដល់​ទាំងនោះ​ឡើយ ទោះ​មាន​ខ្សែ​វីដេអូ​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ភិនភាគ​ជនល្មើស​ទាំងនោះ​យ៉ាង​ណា​ក្តី។

ជាក់ស្តែង ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី គឺ​លោក ពួក ចិន្តា កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​ការពារ​សុវត្ថិភាព​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ បាន​ជិះ​ម៉ូតូ​លប​វាយ​ក្បាល​ពី​ក្រោយ​នឹង​ដំបង ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​តុលាការ​ក្រុង​ភ្នំពេញ​រឹបអូស​យក​ទៅ​លក់​ឡាយឡុង​កាលពី​ពេល​ថ្មីៗ​នេះ។

ករណី​លប​វាយប្រហារ​លើ​សកម្មជន​បក្ស​ប្រឆាំង បើ​ទោះ​ជា​រឿង​ខ្លះ​មាន​ទាំង​វីដេអូ និង​រូបភាព​បង្ហាញ​ភិនភាគ​ជន​ដៃដល់​ច្បាស់លាស់​ក៏ដោយ រហូត​មក​ទល់​ពេលនេះ សមត្ថកិច្ច​មិន​ទាន់​អាច​វែក​មុខ​ជនល្មើស​ទាំងនោះ​យក​មក​កាត់ទោស​តាម​ផ្លូវច្បាប់​នៅឡើយ​ទេ ខណៈ​ឃាតកម្ម​ថ្មីៗ​ចេះ​តែ​កើត​មាន​ជាបន្តបន្ទាប់ ដូចជា​ករណី​លោក ស៊ិន ខុន កាលពី​ពេល​ថ្មីៗ​នេះ ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស