25 C
Phnom Penh

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

បទវិភាគ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង ដាំ​ដំណាំ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ក្នុង «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ» ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ​និង​ដក​ចេញ​ដោយ​ខ្លួនឯង ដោយ​ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។

សេចក្ដី​ជូនដំណឹង​នេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទាំងនោះ​ដែរ បើសិនជា​អ្នក​រំលោភ​យក​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​នៅតែ​មិនព្រម​អនុវត្ត​តាម។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤ ៤៥៨​ហិកតារ) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។

ប៉ុន្តែ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ដែល​ជា​បណ្ដុំ​ធនធាន​ធម្មជាតិ សត្វព្រៃ និង​បក្សី​កម្រ បាន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ក្រោយ​ពេល​រដ្ឋាភិបាល​វិនិយោគ​តំបន់​អភិរក្ស​នេះ​ជិត ២​ម៉ឺន​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន សុខា អូតែល (Thansur Sokha Hotel) របស់​លោក​ឧកញ៉ា សុខ គង់ រយៈពេល ៩៩​ឆ្នាំ​ក្នុង​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០០៧។

នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​កាត់​ដី​ក្នុង​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ទំហំ​ជាង ១​ម៉ឺន ២​ពាន់​ហិកតារ (១២ ០១៦​ហិកតារ) ទៀត ប្រគល់​ឱ្យ​ក្រុមហ៊ុន សុខា អូតែល ដើម្បី​អភិវឌ្ឍ​ទីតាំង​ដី​ស្រប​តាម​កិច្ចសន្យា​ស្ដីពី​ការ​ជួល​ដី​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ចុះ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៧៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស