30 C
Phnom Penh

លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​លោក​ជា​ដាច់ខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​ត​វង្ស​ត្រកូល​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន គំរាម​មិន​ឱ្យ​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​កម្ពុជា បន្ទាប់ពី​ខ្លួន​នោះ​ទេ បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​ខ្លួនឯង គឺ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​ថែរក្សា​អំណាច​ត្រកូល «ហ៊ុន» ទៅ​ថ្ងៃ​មុខ​បន្ត​ទៀត។

បុរស​ខ្លាំង​នៅ​កម្ពុជា ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ ក៏​បាន​ព្រមាន​ជា​ចំហ​ទៅ​កាន់​អ្នកវិភាគ​ទាំងអស់​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២ ធ្នូ ថា សូម​កុំ​គិត​ថា​លោក​នឹង​គាំទ្រ​លោក ស ខេង ឱ្យ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​រូបលោក​ឱ្យ​សោះ ព្រោះ​អនុប្រធាន​បក្ស​រូប​នេះ​ហួស​អាយុ​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ហើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។

លោក ហ៊ុន សែន លើក​ហេតុផល​ថា លោក ស ខេង មាន​អាយុ​ច្រើន​ជាង​លោក​ទៅ​ហើយ ដូច្នេះ​បើ​លោក ស ខេង មាន​អាយុ​ច្រើន​ជាង​លោក ហើយ​ចង់​មក​ប្រជែង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាមួយ​កូនប្រុស​របស់​លោក អ៊ីចឹង​ឱ្យ​លោក​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​តែ​ម្តង​ទៅ ព្រោះ​លោក​នៅ​មាន​អាយុ​តិច​ជាង​លោក ស ខេង នៅឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក ស ខេង នឹង​មិន​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​ទេ ព្រោះ​ក្មេងៗ​រួម​ទាំង​កូនប្រុស​របស់​លោក​ផង មាន​សមត្ថភាព​អាច​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នេះ​បាន​ហើយ។ លោក​បន្ត​ថា លោក​នឹង​បន្ត​កាន់​អំណាច ១០​ឆ្នាំ​ទៀត ខណៈ​មន្ត្រី​ក្នុង​បក្ស​កាន់​អំណាច​នឹង​មាន​វ័យ​ចាស់​ទាំងអស់​ទម្រាំ​ដល់​ពេល​នោះ។

ការ​ថ្លែង​សារ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ប្រកាស​ដើម្បី​បញ្ជាក់​ប្រាប់​ផ្ទៃក្នុង​បក្ស​កាន់​អំណាច​ផង និង​ដើម្បី​ឆ្លៀត​ឱកាស​ស្ទាបស្ទង់​សភាពការណ៍​ផង ថា​តើ​មាន​មន្ត្រី​របស់​ខ្លួន​គាំទ្រ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឡើង​ជា​នាយករដ្ឋមន្ត្រី​ច្រើន​ប៉ុនណា និង​អ្នក​ដែល​ជំទាស់ ហើយ​គាំទ្រ​លោក ស ខេង ច្រើន​ប៉ុនណា​ដែរ​នោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ស្ដាំ) និង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​អះអាង​ថា លោក​នឹង​គាំទ្រ​បេក្ខភាព​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ជា​នាយករដ្ឋមន្ត្រី ដោយឡែក​លោក ស ខេង នឹង​មិន​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក​បាន​ទេ។ លោក ហ៊ុន សែន គំរាម​ថា លោក​នឹង​រង់ចាំ​មើល​ថា តើ​អ្នក​ណា​ខ្លះ​ហ៊ាន​ប្រឆាំង​នឹង​ការ​ប្រកាស​គាំទ្រ​កូនប្រុស​របស់​លោក​នៅ​ពេលនេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ​ថា បក្ស​កាន់​អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​បាន​ក្តោប​ក្តាប់​ស្ថាប័ន​រដ្ឋ និង​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជាក់ស្តែង​នៃ​ស្ថាប័ន​ទាំងនេះ​យ៉ាង​ណែន ដើម្បី​បង្កើត​របប​យោធា​ត​ត្រកូល​របស់​ខ្លួន ជាជាង​បង្កើត​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ អាច​ក្លាយ​ទៅ​ជា​របប​យោធា​ត​វង្ស​ត្រកូល​មិន​អាច​ប្រកែក​បាន ក្រោយ​ពេល​លោក ហ៊ុន សែន សម្រេច​តែងតាំង​កូន​ខ្លួនឯង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នង​អំណាច​ពី​រូបលោក​បែប​នេះ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ក្លាយ​ទៅ​ជា​របប​យោធា​ត​វង្ស​ត្រកូល កម្លាំង​កងយោធពល​ខេមរភូមិន្ទ​ដែល​ជា​កងទ័ព​ជាតិ​ទាំងអស់ មិន​ត្រូវ​ឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​បក្ស​នយោបាយ​នោះ​ទេ។ កងទ័ព​ត្រូវ​មាន​តួនាទី​តែ​មួយ​គត់ គឺ​បំពេញ​តួនាទី និង​ករណីយកិច្ច​ការពារ​បូរណភាព​ទឹកដី​របស់​ប្រទេស ហើយ​មន្ត្រី​យោធា​ទាំងនោះ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ

ចំណែក​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ​ផង​ដែរ​ថា ការ​អះអាង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចង់​បញ្ជាក់​ទៅ​មន្ត្រី​ផ្ទៃក្នុង​គណបក្ស​របស់​ខ្លួន ជាជាង​ព្រមាន​ទៅ​ក្រុម​ប្រឆាំង និង​សាធារណជន ហើយ​ក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ​កៀរគរ​ឱ្យ​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​បក្ស​របស់​ខ្លួន​ដែរ។

ដោយឡែក​អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣ ធ្នូ នេះ​ដែរ​ថា បើ​លោក ហ៊ុន សែន ហ៊ាន​ប្រកាស​គាំទ្រ​កូន​ខ្លួនឯង​ធ្វើជា​នាយករដ្ឋមន្ត្រី​ទៅ​ហើយ​នោះ ក៏​គួរ​បើក​ឱកាស​ឲ្យ​អ្នក​ផ្សេង​ទៀត រួម​ទាំង​លោក គឹម សុខ ផង​ដែរ ឱ្យ​មាន​ឱកាស​ចូលរួម​ប្រកួតប្រជែង​ដើម្បី​រក​ការ​គាំទ្រ​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ

លោក គឹម សុខ លើកឡើង​ថា បើ​លោក ហ៊ុន សែន បង្រៀន​កូនប្រុស​គាត់​ឲ្យ​ទុក​ភាព​ជា​បញ្ញវន្ត​ចោល ហើយ​ថត​ចម្លង​ចរិត​មិន​ចេះ​ខ្មាសអៀន​ចេញពី​ព្រៃ​របស់​លោក យក​ទៅ​ប្រើ​ដើម្បី​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី ដោយ​មិន​ធ្វើ​ឡើង​តាម​ការ​ប្រកួតប្រជែង​ដោយ​សមត្ថភាព​តាម​ការ​បោះឆ្នោត​ត្រឹមត្រូវ​នោះ គឺ​ប្រៀប​បីដូច​ជា​មាន់​សម្ល​ដែល​រត់​តែ​ឯង​ក្នុង​សង្វៀន រងាវ​ឮៗ ហើយ​ប្រកាស​ជោគជ័យ​ធ្វើ​នាយករដ្ឋមន្ត្រី​ដូច​ឪពុក​របស់​ខ្លួន​ធ្លាប់​ធ្វើ​កន្លងមក​ដូច្នោះ​ដែរ។

គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២១ នេះ លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​អស់​រយៈពេល ៣៦​ឆ្នាំ​ហើយ ដូច្នេះ​បើ​លោក ហ៊ុន សែន ប្ដេជ្ញា​កាន់​អំណាច ១០​ឆ្នាំ​ទៀត នោះ​រយៈពេល​នៃ​ការ​កាន់​អំណាច​របស់​មេដឹកនាំ​រូប​នេះ គឺ​មាន​រយៈពេល​ដល់​ទៅ​ជិត ៥០​ឆ្នាំ​ឯណោះ ដែល​ជាប់​ជា​មេដឹកនាំ​ផ្ដាច់ការ​កាន់​អំណាច​យូរ​បំផុត​លើ​ពិភពលោក។

តំណែង​នេះ លោក ហ៊ុន សែន ក៏​ប្រកាស​ថា​នឹង​បន្ត​ទៅ​វង្ស​ត្រកូល​របស់​លោក​ដែរ គឺ​លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​គាត់​តែ​ម្តង៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស