26 C
Phnom Penh

FAO៖ កម្ពុជា​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ជាមួយ​ប្រទេស​១៥០​ទូទាំង​ពិភពលោក

បទវិភាគ

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​នឹង​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក (World Food Day, WFD) ជាមួយ​បណ្តា​ប្រទេស ១៥០ ទូទាំង​ពិភពលោក ប៉ុន្តែ​កិច្ចប្រជុំ​របស់​អង្គការ​ស្បៀងអាហារ​នេះ​ធ្លាប់​ត្រូវ​រង​ការ​រិះគន់​ពី​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​កន្លងមក​យ៉ាង​ធ្ងន់ធ្ងរ។

អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ការ​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ក្នុង​គោលបំណង​លើក​កម្ពស់​អំពី​តម្រូវការ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ប្រែក្លាយ​ស្បៀងអាហារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកប​ដោយ​និរន្តរភាព។

ប្រភព​ដដែល​អះអាង​ថា ទិវា​នេះ​ជា​វេទិកា​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ធ្វើ​សកម្មភាព​ពី​គ្រប់​វិស័យ​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានា​ថា ប្រព័ន្ធ​សន្តិសុខ​ស្បៀង​មាន​លទ្ធភាព​ផ្គត់ផ្គង់​អាហារ​គ្រប់គ្រាន់​ដែល​មាន​អាហារូបត្ថម្ភ​ប្រកប​ដោយ​សុវត្ថិភាព និង​ធានា​ដល់​ជីវិត​មនុស្ស​គ្រប់​រូប ដើម្បី​ឱ្យ​មាន​សុខមាលភាព​ពេញ​បរិបូរណ៍។

អង្គការ​ស្បៀងអាហារ​នេះ​បញ្ជាក់​ថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​សម្រាប់​ការ​ផលិត​ស្បៀង ការ​កែច្នៃ និង​ការ​ចែកចាយ​ដើម្បី​កាត់បន្ថយ​ការ​បាត់បង់​ជីវចម្រុះ ការ​បំពុល ការ​ប្រើប្រាស់​ទឹក ការ​សឹករិចរិល​ដី និង​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ជាដើម។

ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រទេស​កម្ពុជា​ឱ្យ​ធានា​បាន​នូវ​ការ​ប្រើប្រាស់​ស្បៀងអាហារ​ប្រកប​ដោយ​និរន្តរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០២១ ខាងមុខ​នេះ កម្ពុជា​នឹង​ចូលរួម​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក (WFD) ក្រោម​ប្រធានបទ សកម្មភាព​យើង គឺជា​អនាគត​យើង ផលិតកម្ម​ល្អ អាហារូបត្ថម្ភ​ល្អ បរិស្ថាន​ល្អ នាំ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ដែល​នឹង​រៀបចំ​ឡើង​នៅ​ខេត្ត​ព្រៃវែង ដែល​មាន​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ​ចូលរួម​ដូចជា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន និង​ប្រធាន​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ជាដើម។

កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២១ អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​បាន​ស្នើសុំ​ឱ្យ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នេះ ដាក់​បញ្ចូល​ក្តី​កង្វល់ និង​តម្រូវការ​ប្រឈម​របស់​កសិករ ប្រជា​នេសាទ សហជីព និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ទៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ ប៉ុន្តែ​ការ​ស្នើសុំ​នេះ​ត្រូវ​បរាជ័យ​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ អង្គការ​សង្គម​ស៊ីវិល​រិះគន់​ថា ដំណើរការ​នៃ​កិច្ចប្រជុំ​របស់​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នេះ​ថា គ្រាន់តែ​ជា​ដំណើរការ​មួយ​ដែល​គាំទ្រ​ដល់​ក្រុមហ៊ុន​សាជីវកម្ម​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​សេដ្ឋកិច្ច​សេរី ដែល​បាន​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ដំណើរការ​សម្រេច​ចិត្ត​របស់​កសិករ ប្រជា​នេសាទ កម្មករ និង​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ប៉ុណ្ណោះ។

ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពលរដ្ឋ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង​ទ្វេ​ដង​ក្នុង​ឆ្នាំ​២០២០ កន្លងទៅ ក្នុង​នោះ ពលរដ្ឋ​ប្រមាណ ៧៩% រស់នៅ​តាម​តំបន់​ជនបទ​ដោយ​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម ជលផល និង​ព្រៃឈើ ដើម្បី​រស់រាន​មាន​ជីវិត។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ដើម្បី​ធានា​សន្តិសុខ​ស្បៀង​ជូន​ពលរដ្ឋ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស្ដារ និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ធំ​តាម​សហគមន៍ ដើម្បី​ឲ្យ​កសិករ​មាន​លទ្ធភាព​បង្កបង្កើនផល និង​ការ​ផលិត​ស្បៀងអាហារ ព្រមទាំង​អាច​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​ប្រកប​ដោយ​ចីរភាព៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស