26 C
Phnom Penh

ស្ត្រី​ជើង​ខ្លាំង​តៃវ៉ាន់​សច្ចា​មិន​ឱន​ក្បាល​ទៅ​ជ្រក​ក្រោម​ដំបូល​បក្ស​កុម្មុយនីស្ត​ក្រុង​ប៉េកាំង

បទវិភាគ

ចំណែក​ពី​កោះ​តៃវ៉ាន់​ឯណោះ​វិញ អ្នកស្រី​ប្រធានាធិបតី​ដែន​កោះ​នេះ​ប្រកាស​មិន​ឱន​ក្បាល​ក្រោម​ចិន​ដាច់ខាត ដោយ​ទាត់​ចោល​ការ​ស្នើសុំ​បង្រួបបង្រួម​ពី​ប្រធានាធិបតី​ចិន។

ដែនដី​ពីរ​ដែល​មាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ដូច​គ្នា សាច់ឈាម​តែ​មួយ កំពុង​ប្រារព្ធ​ទិវា​ជាតិ​មួយ​យ៉ាង​ចម្រូងចម្រាស​ក្នុង​ឆ្នាំ​២០២១ នេះ ដោយ​ផ្ញើ​សារ​ឌឺដង​ផ្លែផ្កា​ដាក់​គ្នា​ទៅវិញ​ទៅមក។ គ្មាន​នរណា​ម្នាក់​អាច​បង្ខំ​ដែនដី​នេះ​ឱ្យ​ទទួល​យក​ផ្លូវ​ដើរ​មួយ​ដែល​គ្មាន​ប្រជាធិបតេយ្យ​សេរីភាព​នោះ​ទេ។ នេះ​ជា​សារ​ដែល​ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន តប​ទៅកាន់​ប្រធានាធិបតី​ចិន ស៊ី ជិនពីង ដែល​បាន​សច្ចា​ធ្វើការ​បង្រួបបង្រួម​ដោយ​សន្តិភាព​ជាមួយ​តៃវ៉ាន់ ដោយ​មិន​បញ្ជាក់​ធ្ងន់ៗ​ដូច​មុន​ថា​ប្រើ​កម្លាំង​ទ័ព​នោះ​ទេ។ ប៉ុន្តែ​គេ​អាច​សម្គាល់​ទឹកមុខ និង​ភាសា​របស់​លោក ស៊ី គឺ​នៅតែ​ខឹង​អ្នកស្រី សាយ អ៊ឹងវិន ដែល​ហ៊ាន​លើកឡើង​ថា ពលរដ្ឋ​តៃវ៉ាន់​ទេ​ជា​អ្នក​សម្រេច​វាសនា​ពួកគេ​លើ​ដែន​កោះ​នេះ គឺ​គ្មាន​រដ្ឋការ​ក្រុង​ប៉េកាំង មក​ជំនួស​នោះ​ទេ។

ថ្លែង​នៅ​ក្នុង​ពិធី​ទិវា​បុណ្យ​ជាតិ​មួយ​កាលពី​អាទិត្យ ទី​១០ ខែ​តុលា ស្ត្រី​ប្រធានាធិបតី​ដែល​គេ​ដាក់​រហស្សនាម​ថា ស្ត្រី​ជើង​ខ្លាំង​ហ៊ាន​ប្រមាថ​មហាយក្ស​ចិន អ្នកស្រី សាយ អ៊ឹងវិន បាន​និយាយ​ថា អ្នកស្រី​សង្ឃឹម​ថា​នឹង​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ ហើយ​បាន​បញ្ជាក់​ជា​ថ្មី​ថា កោះ​តៃវ៉ាន់​នឹង​មិន​ធ្វើ​សកម្មភាព​ដោយ​ប្រញាប់ប្រញាល់​ខុស​នឹង​រដ្ឋធម្មនុញ្ញ​ឡើយ។

ថ្លែង​សុន្ទរកថា​នៅ​ខាង​ក្រៅ​វិមាន​ប្រធានាធិបតី​នៅ​កណ្តាល​ទីក្រុង​តៃប៉ិ ស្ត្រី​ជើង​ខ្លាំង​តៃវ៉ាន់​រូប​នេះ​ថា ប្រជាជន​តៃវ៉ាន់​នឹង​មិន​ចុះចាញ់​សម្ពាធ​ប្រទេស​ណាមួយ​ឡើយ។ អ្នកស្រី​បាន​បន្ថែម​ថា រដ្ឋការ​តៃវ៉ាន់​នឹង​បន្ត​ពង្រឹង​ការ​ការពារ​ជាតិ​របស់​ខ្លួន ហើយ​ត្រូវតែ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​ខ្លួន​ដើម្បី​ធានា​ថា គ្មាន​នរណា​អាច​បង្ខំ​តៃវ៉ាន់​ឱ្យ​ដើរ​តាម​ផ្លូវ​ដែល​គេ​ដាក់​ផែនការ​ឱ្យ​ដើរ​នោះ​ទេ។ តាម​ស្ត្រី​ប្រធានាធិបតី​រូប​នេះ ប្រជាជន​តៃវ៉ាន់​មាន​ជាង ២៣​លាន​នាក់ កំពុង​រស់​ក្នុង​រដ្ឋ​មួយ​មាន​អធិបតេយ្យ និង​មាន​ប្រជាធិបតេយ្យ​ត្រឹមត្រូវ​មិន​ក្លែងក្លាយ គឺ​មិន​ត្រូវ​ជ្រក​ក្រោម​ដំបូល​របស់​អ្នក​ណា​ឡើយ។

អ្នកស្រី​ថា តៃវ៉ាន់​ជា​រដ្ឋ​មួយ​ហើយ ចិន​ជា​រដ្ឋ​មួយ​ដូច​គ្នា គឺ​ស្មើ​ភាព​នឹង​គ្នា គឺ​គ្មាន​ទាប គ្មាន​ខ្ពស់​នោះ​ទេ។ អ្នកស្រី​ថ្កោលទោស​ចិន ដែល​បង្ហោះ​យន្តហោះ​រំលោភ​ដែនអាកាស​តៃវ៉ាន់​ដោយ​ចាត់ទុក​ថា​ជា​ការ​បង្ក​សង្គ្រាម។

ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រាប់​ទៅ​លោក ស៊ី ជិនពីង ថា ខណៈ​នេះ​អ្នកស្រី​កំពុង​ត្រួតពិនិត្យ​កងទ័ព ហើយ​កងទ័ព​បាន​សច្ចា​ពលី​ជីវិត​ដើម្បី​ការពារ​តៃវ៉ាន់​លុះ​ដំណាក់កាល​ចុងក្រោយ។

នេះ​ជា​សារ​វាយបក​លើ​មេដឹកនាំ​ចិន លោក ស៊ី ជិនពីង ដែល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍ ថា ការ​បង្រួបបង្រួម​កោះ​តៃវ៉ាន់​ជាមួយ​ចិន​ដី​គោក​ដោយ​សន្តិភាព គឺ​ឱ្យ​តែ​តៃវ៉ាន់​យល់ព្រម​មក​នៅ​ក្នុង​ផលប្រយោជន៍​របស់​ទីក្រុង​ប៉េកាំង។

មេដឹកនាំ​ចិន​រូប​នេះ​បាន​បន្ថែម​ថា ការ​បង្រួបបង្រួម​ជាតិ​ដោយ​សន្តិវិធី គឺ​សមស្រប​បំផុត​ជាមួយ​នឹង​ផលប្រយោជន៍​រួម​របស់​ប្រទេស​ចិន រួម​ទាំង​ជន​រួម​ជាតិ​តៃវ៉ាន់​ផង​ដែរ។ សារ​របស់​បុរស​ខ្លាំង​ប្រទេស​ចិន​លើក​នេះ មិន​បាន​និយាយ​ព្រមាន​តៃវ៉ាន់​នោះ​ទេ។

ប៉ុន្តែ​អ្នក​សង្កេតការណ៍​ថា​ជា​ការ​លួច​ចិត្ត​តៃវ៉ាន់ មុន​នឹង​លើក​ទ័ព​ចូល​កាន់កាប់​ដែន​កោះ​មួយ​នេះ​តែប៉ុណ្ណោះ ព្រោះ​មិន​សមស្រប​នឹង​ទង្វើ​ដែល​ក្រុង​ប៉េកាំង​បញ្ជូន​យន្តហោះ​ចម្បាំង​ហោះ​ងងឹត​មេឃ​លើ​ដែនអាកាស​តៃវ៉ាន់ កាលពី​ថ្ងៃ​ចន្ទ ទី​៤ តុលា ដោយ​មាន​យន្តហោះ​ដល់​ទៅ ៥៦​គ្រឿង។

តាម​ព័ត៌មាន​ចុងក្រោយ ក្រុង​ប៉េកាំង ប្រតិកម្ម​ជា​ខ្លាំង​ទៅ​នឹង​អ្នកស្រី សាយ អ៊ឹងវិន ដោយ​ព្រមាន​ថា តៃវ៉ាន់ មិន​ទាន់​ហួស​ពេល​ទេ​នៅ​ពេលនេះ ក្នុង​ការ​មក​រស់នៅ​ក្រោម​ដំបូល​របស់​ក្រុង​ប៉េកាំង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស