22.9 C
Phnom Penh

នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​និង​ប្រធានាធិបតី​អាមេរិក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ប្ដេជ្ញា​រួម​គ្នា​ទប់ទល់​អនុត្តរភាព​របស់​ចិន

បទវិភាគ

លោក Fumio Kishida នៅ​ថ្ងៃ​អង្គារ ទី​៥ តុលា នេះ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បន្ទាប់ពី Fumio Kishida បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែ​តុលា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​នេះ។

លោក Fumio Kishida បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្នុង​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ដែល​មាន​រយៈពេល ២០​នាទី សម្ពន្ធមិត្ត​ទាំង​ពីរ​បាន​ប្ដេជ្ញា​លើក​ជ្រោង​នូវ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ឆ្ពោះ​ទៅ​រក​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើក​ចំហ។ ជាមួយ​គ្នា​នេះ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​ថា នឹង​រួម​គ្នា​ប្រឹងប្រែង​ពង្រឹង​សម្ពន្ធភាព​ជប៉ុន-អាមេរិក ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​សំដៅ​ទប់ទល់​ការ​គំរាមកំហែង​ពី​សំណាក់​ប្រទេស​ចិន។ ចំណែក​បញ្ហា​កូរ៉េ​ខាងជើង​វិញ ក៏​មេដឹកនាំ​ទាំង​ពីរ​នេះ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដូច​គ្នា​ដែរ ប្រឆាំង​របប​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​នូវ​រាល់​ទង្វើ​បង្ក​ឱ្យ​ឧបទ្វីប​ធ្លាក់​ក្នុង​សង្គ្រាម។

លោក Fumio Kishida ត្រូវ​បាន​សភា​ជប៉ុន​បោះឆ្នោត​ជ្រើស​តាំង​ជា​ផ្លូវការ​ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​បន្ត​ពី​លោក Yoshihide Suga ដែល​បាន​លាលែង​ពី​តំណែង​ក្រោយ​កាន់​តំណែង​ដ៏​កំពូល​មួយ​នេះ​បាន​ជាង ១​ឆ្នាំ​បន្តិច។

លោក Fumio Kishida គឺជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទី​១០០ ក្រោយ​ពី​សង្គ្រាម​លោក​លើក​ទី​២។ បើ​តាម​លោក Kishida ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងកើត ជាពិសេស​ប្រជុំ​កោះ Senkaku ដែល​ចិន កំពុង​ទាមទារ​យក​មក​វិញ​ម្ដងម្កាល ចិន​បញ្ជូន​នាវា​ចម្បាំង និង​នាវា​ល្បាត​ជាច្រើន​គ្រឿង​ទៅ​កាន់​ទីនោះ ដើម្បី​គំរាម​យក​ពី​ជប៉ុន គឺ​សឹងតែ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​ពេល​ជប៉ុន​បញ្ជូន​នាវា​ចម្បាំង​ទៅ​ប្រឈមមុខ​នឹង​នាវា​ចិន ក៏​មេដឹកនាំ​ទាំង​ពីរ​បាន​លើក​មក​ពិភាក្សា​ដែរ។ លោក​បន្ត​ថា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​សន្យា​ជាមួយ​នឹង​លោក​ថា ទោះ​ជា​កាលៈទេសៈ​ណា​ក៏ដោយ ក៏​សហរដ្ឋ​អាមេរិក​ត្រូវតែ​ជួយ​ជប៉ុន។

Senkaku ដែល​ចិន​ដាក់​ឈ្មោះ​ថា ដាយយូ ជា​ប្រជុំកោះ​នៅ​សមុទ្រ​ចិន​ខាងកើត។ ចិន​អះអាង​ថា​ជា​ដែន​កោះ​របស់​ខ្លួន​មាន​តាំង​ពី​បុរាណ​កាល​មក។

តាម​នាយករដ្ឋមន្ត្រី ក្រៅពី​មាន​កិច្ចសន្យា​ដូចនេះ គឺ​មេដឹកនាំ​អាមេរិក​បាន​ទទួល​យក​សំណើ​ថែម​ទៀត​ដែល​ស្នើ​ឲ្យ​អាមេរិក​ជួយ​ការពារ​ដែន​អាកាស​របស់​ជប៉ុន ដោយ​ការ​បំពាក់​ប្រព័ន្ធ​ការពារ​កាំជ្រួច​ថែម​ទៀត​នៅ​លើ​ទឹកដី និង​ដែនទឹក​របស់​ប្រទេស​ជប៉ុន។

ទោះជាយ៉ាងណា សម្រាប់​លោក Kishida ចាត់ទុក​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​ជប៉ុន តែ​មិន​ចាត់ទុក​ថា​ខ្វះ​មិន​បាន​នោះ​ទេ។

ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​វិញ ទាំង​នាយករដ្ឋមន្ត្រី​ជប៉ុន និង​ប្រធានាធិបតី​អាមេរិក សន្យា​ប្រឆាំង​ចិន​រាល់​ការ​គំរាមកំហែង និង​ការ​ចង់​កែប្រែ​ភូមិសាស្ត្រ​ដើម្បី​ត្រួតត្រា​ដែនទឹក​ដែល​មាន​ទំហំ ៣​លាន​គីឡូម៉ែត្រ​ក្រឡា និង ២៥០​កោះ។ មេដឹកនាំ​ទាំង​ពីរ​យល់ព្រម​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ពេល​ឆាប់ៗ​នេះ។

លោក Kishida អាយុ ៦៤​ឆ្នាំ ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការពារ​ជាតិ និង​តំណែង​កំពូលៗ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ កាលពី​ឆ្នាំ​២០២០ លោក Fumio Kishida បាន​ចាញ់​លោក Yoshihide Suga ក្នុង​ការ​ប្រជែង​យក​តំណែង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP ដែល​ប្រធាន​បក្ស​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។

លោក Kishida គឺជា​បេក្ខជន​ដំបូង​គេ​ដែល​បាន​ប្រកាស​ចូលរួម​ការ​ប្រកួត​ដើម្បី​ធ្វើជា​ប្រធាន​បក្ស LDP លើក​នេះ។

កន្លងមក លោក Kishida ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​គោល​នយោបាយ​របស់​គណបក្ស LDP និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន កាលពី​ចន្លោះ​ឆ្នាំ​២០១២-២០១៧ ហើយ​អំឡុង​ពេល​នោះ លោក​បាន​ចរចា​កិច្ចព្រមព្រៀង​ផ្សេងៗ​រវាង​ប្រទេស​រុស្ស៊ី និង​ជប៉ុន។

លោក Kishida បាន​ឈាន​ជើង​ចូល​ឆាក​នយោបាយ​នៅ​ឆ្នាំ​១៩៩៣ បន្ទាប់ពី​ធ្លាប់​ធ្វើ​ការងារ​នៅ​ធនាគារ​មួយ​កន្លែង។ កន្លងមក លោក​ប្រកាន់​គោលជំហរ​ដើរ​តាម​ឪពុក និង​ជីតា​របស់​លោក​ដែល​ជា​អ្នក​នយោបាយ និង​សមាជិក​សភា​ជប៉ុន។ ក្នុង​នាម​ជា​អ្នក​នយោបាយ​ដែល​តែង​ស្តាប់​មតិ​របស់​ប្រជាជន គឺ​លោក Kishida ជា​អ្នក​នយោបាយ​ជើងចាស់​ក្នុង​បក្ស LDP។

សម្រាប់​ឆ្នាំ​២០២១ នេះ លោក Fumio Kishida ត្រូវ​បាន​គណបក្ស​របស់​លោក​គាំទ្រ​ជា​មេដឹកនាំ​បក្ស។ លោក​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទី​១០០ របស់​រាជាណាចក្រ​នៅ​អាស៊ី​ខាងកើត​មួយ​នេះ។

រដ្ឋាភិបាល​ថ្មី​របស់​លោក Kishida ត្រូវ​មាន​ភារកិច្ច​ដ៏​ចម្បង​មួយ​ទៀត និង​ជា​ប្រវត្តិសាស្ត្រ គឺ​រៀបចំ​ការ​បោះឆ្នោត​សភា​ជាតិ​ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣១ តុលា។ ក្នុង​ការ​បោះឆ្នោត​នេះ គណបក្ស​ប្រជាធិបតេយ្យ​សេរី LDP ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ថ្មី​រូប​នេះ មាន​ការ​រំពឹង​ថា បក្ស LDP អាច​នឹង​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស