22.9 C
Phnom Penh

ហ្វីលីពីន​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​ឱ្យ​ក្រុង​ម៉ានីល​កុំ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ

បទវិភាគ

ក្រោយ​ពី​ក្រុង​ប៉េកាំង បរាជ័យ​នៅ​លើ​សមរភូមិ​ការទូត​មួយ​កាលពី​ថ្មីៗ​នេះ ដោយ​មិន​អាច​ទាញ​ឱ្យ​វៀតណាម ដើរ​ចេញ​ពី​អាមេរិក​បាន ដោយសារ​ប្រទេស​ធំ​នេះ​បន្ត​បរាជ័យ​ថែម​ទៀត​ដែល​មិន​អាច​លួងលោម​ហ្វីលីពីន ដែល​ស្នើ​ក្រុង​ម៉ានីល កុំ​ឱ្យ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ។

ចិន​បាន​ប្រាប់​ទៅ​ហ្វីលីពីន​ថា ការ​ពង្រីក​សន្ធិសញ្ញា​ការពារ​ជាតិ​ជាមួយ​នឹង​អាមេរិក គឺជា​ការ​គំរាមកំហែង​ប្រយោជន៍​សន្តិសុខ​របស់​ចិន​ជា​ខ្លាំង។

ហេតុ​នេះ​ហើយ ចិន​សូម​ស្នើ​ឱ្យ​ហ្វីលីពីន កុំ​ពង្រីក​សន្ធិសញ្ញា​នេះ​ថែម​ទៀត។ នេះ​ជា​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​សារព័ត៌មាន Newsweek នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​តុលា នេះ។

លោក​រដ្ឋមន្ត្រី Delfin Lorenzana អះអាង​ថា មន្ត្រី​យោធា​ហ្វីលីពីន និង​អាមេរិក​បាន​ជជែក​គ្នា​លើកដំបូង​ដោយ​ផ្ទាល់​អំពី​សន្ធិសញ្ញា​ការពារ​ជាតិ​ដែល​មាន​អាយុកាល ៧០​ឆ្នាំ​មក​ហើយ​ថា​គួរ​មោឃភាព ឬ​ពង្រីក​ខ្លឹមសារ​បន្ត​ទៀត។

លោក​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា ស្រាប់តែ​លោក​ទទួល​បាន​សារ​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​ហ្វីលីពីន ដែល​សារ​នេះ​មក​កាត់​ការ​ពិភាក្សា​របស់​លោក។ សារ​របស់​ចិន ស្នើ​កុំ​ឱ្យ​ពង្រីក​បន្ថែម​ខ្លឹមសារ​ថែម​ទៀត​នៃ​សន្ធិសញ្ញា​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក Lorenzana បាន​ទទួល​ពាក្យ​តវ៉ា​ពី​ចិន​ថា សូម​កុំ​ពង្រីក​សន្ធិសញ្ញា​ការពារ​ជាតិ​នេះ​ថែម​ទៀត ហើយ​ទុក​វា​ចោល​ទៅ។ តែ​ប្រមុខ​ការពារ​ជាតិ​ប្រទេស​នេះ​ថា ហ្វីលីពីន​បាន​ពិភាក្សា​គ្នា​ស៊ីជម្រៅ​ទៅ​ហើយ​អំពី​អនាគត​នៃ​សន្ធិសញ្ញា​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក។

សន្ធិសញ្ញា​ការពារ​ជាតិ​នេះ ធ្វើឡើង​នៅ​ឆ្នាំ​១៩៥១ មក​ម្ល៉េះ គឺជា​ការ​អន្តរាគមន៍​ផ្នែក​កងទ័ព​រវាង​អាមេរិក និង​ហ្វីលីពីន ដែល​មាន​ន័យ​ថា​ជួយ​គ្នា​ទៅវិញ​ទៅមក​ករណី​មាន​ការ​វាយប្រហារ​ចេញ​មកពី​ភាគី​ខាងក្រៅ។ សន្ធិសញ្ញា​នេះ​ផ្ដល់​ឱ្យ​អាមេរិក​បញ្ជូន​ទ័ព​មក​កាន់​ប្រទេស​ហ្វីលីពីន ដោយ​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​ទាំង​ការ​បញ្ជូន​ទ័ព​មក​ធ្វើ​សមយុទ្ធ និង​អន្តរាគមន៍​ក្នុង​ស្ថានភាព​សង្គ្រាម។

តាម​សារព័ត៌មាន Newsweek មន្ត្រី​អាមេរិក​បាន​រំឭក​ដោយ​ធានា​ទៅកាន់​ហ្វីលីពីន ថា អាមេរិក​មាន​កាតព្វកិច្ច​ក្នុង​ការ​ជួយ​ហ្វីលីពីន បើ​សិន​កម្លាំង​ទ័ព នាវា និង​យន្តហោះ​ហ្វីលីពីន​ដែល​រង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ។

សន្ធិសញ្ញា​នេះ​គេ​រាប់​ថា​ជា​កិច្ចព្រមព្រៀង​យូរ​អង្វែង​ជាងគេ​របស់​អាមេរិក​នៅ​អាស៊ី។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន បន្ត​ថា តាម​កិច្ចពិភាក្សា​ដំបូង​ដែល​ធ្វើឡើង​រវាង​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំង​ពីរ គឺ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ទៅ​ថ្ងៃ​ខាងមុខ​ទៀត។

តាម​លោក Lorenzana ថា​ភាគី​ទាំង​អាមេរិក និង​ហ្វីលីពីន មាន​ការ​ឱ្យ​យោបល់​នូវ​ការ​ធ្វើ​វិសោធនកម្ម​សន្ធិសញ្ញា​នេះ​ឱ្យ​ស្រប​នឹង​ការ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ដែន​សមុទ្រ​ហ្វីលីពីន ដែល​មើល​ឃើញ​ដូចជា​សកម្មភាព​កម្លាំង​ជីវពល​របស់​ចិន ជំនួស​ឱ្យ​កម្លាំង​ទ័ព​ធ្វើ​សកម្មភាព​រឹបអូស​ដែនទឹក​ហ្វីលីពីន ដែល​នេះ​ហើយ​ជា​ដើមហេតុ​ចម្បង​ធ្វើ​ឱ្យ​ក្រុង​ម៉ានីល និង​ក្រុង​វ៉ាស៊ីនតោន ពិនិត្យ​មើល​សន្ធិសញ្ញា​នេះ​ឡើងវិញ។

តែ​យ៉ាងណា ស្ថានទូត​ចិន មិន​បាន​ផ្ដល់​ប្រតិកម្ម​អ្វី​នឹង​សម្ដី​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​នោះ​ទេ។ តែ​ចិន​ព្រមាន​អាមេរិក​កុំ​ឱ្យ​អន្តរាគមន៍​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ចិន​ហៅថា​ជា​ជម្លោះ​នៅ​អាស៊ី​សុទ្ធសាធ ហើយ​រដ្ឋាភិបាល​ក្នុង​តំបន់​គេ​កំពុងតែ​ព្យាយាម​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការ​ចរចា។

ទីក្រុង​វ៉ាស៊ីនតុន គ្មាន​ទឹកដី​នៅ​តំបន់​ដែន​កោះ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ ប៉ុន្តែ​វ៉ាស៊ីនតុន​បាន​ហក់​ចូល​មកកាន់​ដែនទឹក​នេះ​ក្រោម​ហេតុផល​ថា​ដើម្បី​សម្រួល​ស្ថានការណ៍​ឱ្យ​តំបន់​នេះ​មាន​ភាព​សេរី​សម្រាប់​នាវាចរណ៍​អន្តរជាតិ។

មន្ត្រី​ការទូត​ហ្វីលីពីន​ម្នាក់​ទៀត​បាន​ប្រាប់​សារព័ត៌មាន AP ថា ចិន​មាន​កង្វល់​ជា​ខ្លាំង​ព្រោះថា​មន្ត្រី​ទាំង​ពីរ​ប្រទេស គឺ​អាមេរិក និង​ហ្វីលីពីន​អាច​បញ្ចូល​ប្បញ្ញត្តិ​ដែល​មាន​ការ​គំរាមកំហែង​សន្តិសុខ និង​ប្រយោជន៍​ក្រុង​ប៉េកាំង​ថែម​ទៀត។

មន្ត្រី​ការទូត​នោះ​ថា ចិន​ដឹង​ខ្លួន​គេ​ច្បាស់​ណាស់​ដូចជា​រឿងរ៉ាវ​ឆ្នាំ​២០១៦ នៃ​មជ្ឈត្តិការ​អន្តរជាតិ​ដែល​ចិន​បំពាន​ច្បាប់​អន្តរជាតិ​ចូល​ដែនទឹក​ហ្វីលីពីន​នៅ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ការ​បំពាន​ភស្តុតាង​ប្រវត្តិសាស្ត្រ។

ទាំង​ចិន ទាំង​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេ ជាប់​គាំង​ក្នុង​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​យូរ​ឆ្នាំ​ទៅ​ហើយ។ មាន​ការ​បារម្ភ​ជា​ញឹកញាប់​ថា ជម្លោះ​នេះ​អាច​នាំ​មក​នូវ​បញ្ហា ហើយ​អាច​នាំ​មក​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ដោយ​អាច​បំផ្លាញ​សេដ្ឋកិច្ច​អាស៊ី​ទាំងមូល។

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Newsweek ចិន​ជួប​រឿង​បរាជ័យ​មួយ​ទៀត​ហើយ​ផ្នែក​ការទូត ដែល​ប៉ុនប៉ង​ធ្វើ​ឱ្យ​សម្ពន្ធភាព​អាមេរិក​បែកបាក់​គ្នា​ជាមួយ​ហ្វីលីពីន បន្ទាប់ពី​ចិន​បញ្ជូន​ប្រមុខ​ការទូត​លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម កាលពី​ថ្មីៗ​នេះ ដោយ​លួងលោម​ក្រុង​ហាណូយ ឱ្យ​ដោះ​ដៃ​ចេញពី​ចំណង​ទាក់ទង​យោធា​ជាមួយ​សហរដ្ឋ​អាមេរិក តែ​មិន​បាន​សម្រេច។

បរាជ័យ​ផ្នែក​ការទូត​របស់​ចិន លួងលោម​ហ្វីលីពីន មិន​បាន​នៅ​ពេលនេះ គឺ​ស្ដែង​ឱ្យ​ឃើញ​ថា​ចិន​ពិត​ជា​មាន​មហិច្ឆតា​កាន់កាប់​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ តាម​ការ​មើល​ឃើញ​ជាក់ស្ដែង អាមេរិក​អាច​នឹង​កាន់កាប់​ភូមិសាស្ត្រ​អាស៊ី​អាគ្នេយ៍​បាន​ច្រើន​ជាង​ចិន​នៅ​ពេលនេះ និង​ទៅ​ថ្ងៃ​ខាងមុខ។ គ្រាន់តែ​ប្រទេស​ចំនួន​៤ មាន​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេ កំពុង​មាន​ជម្លោះ​ជាមួយ​ចិន អំពី​សមុទ្រ​ចិន​ខាងត្បូង គឺ​ពិត​ណាស់​ប្រទេស​ទាំង​៤​នេះ​នៅ​ខាង​អាមេរិក។

ប្រទេស​ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ ទោះ​ជា​ពុំ​មាន​ជម្លោះ​ជាមួយ​ចិន​ក៏ដោយ តែ​ប្រទេស​៣​នេះ​គឺជា​សម្ពន្ធមិត្ត​ជាមួយ​អាមេរិក​រួច​ទៅ​ហើយ ក្នុង​ការ​ប្រឆាំង​កុម្មុយនីស្ត។ ចំណែក​ឡាវ ដែល​នៅ​ក្រោម​ឥទ្ធិពល​វៀតណាម ជាង​ចិន គឺជា​មហាមិត្ត​ម៉ឺន​ឆ្នាំ​របស់​វៀតណាម។ មិត្ត​មួយ​នេះ​គឺ​មិន​អាច​បោះបង់​វៀតណាម​រត់​ទៅ​រក​ចិន​បាន​ឡើយ ហើយ​បើ​ឡាវ​រត់​ទៅ​រក​ចិន​ចោល​វៀតណាម គឺ​ឡាវ​នឹង​ជួប​គ្រោះថ្នាក់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស