25 C
Phnom Penh

លោក ហ៊ុន សែន៖ បញ្ហា​ថាមពល អាកាសធាតុ​និង​បរិស្ថាន​ជា​គោល​នយោបាយ​សំខាន់​របស់​កម្ពុជា

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​ជា​គោលនយោបាយ​សំខាន់​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​បង្កើត​នូវ​វេទិកា​នេះ គឺជា​ឱកាស​មួយ​ដែល​នឹង​អាច​ជួយ​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ថាមពល​កាបូន​ទាប​សំដៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល។

លោក ហ៊ុន សែន អះអាង​ថា ការ​ដោះស្រាយ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន គឺជា​កិច្ចការ​ដ៏​លំបាក​មួយ​ដែល​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ក្នុង​នោះ​កម្ពុជា​បាន​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ​រយៈពេល​វែង​ប្រកប​ដោយ​អព្យាក្រឹត​កាបូន ដោយ​រំពឹង​ថា​នឹង​ចប់​សព្វគ្រប់​នៅ​ចុង​ឆ្នាំ​២០២១ នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​បាន​ចាត់ទុក​ឥណទាន​កាបូន​ជា​ប្រភព​ធនធាន​ហិរញ្ញប្បទាន​ប្រកប​ដោយ​ចីរភាព​ដ៏​សំខាន់​មួយ​សម្រាប់​សកម្មភាព​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​កម្ពុជា​ក៏​បាន​បើក​ចំហ​ទទួល​ការចូលរួម​នូវ​ភាព​ជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស និង​វិស័យ​ឯកជន​នានា​ផង​ដែរ ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ឥណទាន​កាបូន​នេះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​លក់​កាបូន​ដែល​បាន​មកពី​ព្រៃឈើ​ទៅ​ឱ្យ​បរទេស។ ពួកគេ​និយាយ​ថា ក្នុង​រយៈពេល​កន្លងមក​នេះ វិស័យ​កាបូន​របស់​កម្ពុជា​មិន​អាច​លក់​ឲ្យ​រដ្ឋាភិបាល​កូរ៉េ ទៅតាម​តម្រូវការ​បាន​ទេ ដោយសារ​ព្រៃឈើ​ជាង ៣៧% នៅ​ក្នុង​តំបន់​គម្រោង «គោលនយោបាយ​កាប់​ឈើ​គ្មាន​ជាតិ​កាបូន» ហៅ​កាត់​ថា រេដបូក (REDD+) ត្រូវ​បាន​កាប់​បំផ្លាញ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ។

របាយការណ៍​ស៊ើប​អង្កេត​ស៊ីជម្រៅ​មួយ​ចុះ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ របស់​សហព័ន្ធ​កូរ៉េ​សម្រាប់​ចលនា​បរិស្ថាន ឬ​ហៅថា Korea Federation for Environmental Movements ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កូរ៉េ បាន​ចាប់ផ្តើម​គម្រោង​សាកល្បង​រេដបូក (REDD+) នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៣ ក្រោយមក​ក៏​បាន​ពង្រីក​ដល់​ប្រទេស​កម្ពុជា ឡាវ និង​ភូមា។

គម្រោង​សាកល្បង រេដបូក ត្រូវ​បាន​ធ្វើឡើង​នៅ​តំបន់​ព្រៃឈើ​ទំរីង ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​គម្រោង​ទី​មួយ​ដែល​រដ្ឋាភិបាល​កូរ៉េ​ប្រើប្រាស់​សេវាកម្ម​ព្រៃឈើ​សម្រាប់​ទទួល​បាន​ឥណទាន​កាបូន ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ គម្រោង​រេដបូក​នេះ មាន​គោលបំណង​ដើម្បី​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផល​ប្រយោជន៍​ជាតិ និង​ចូលរួម​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល ក្នុង​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ។

របាយការណ៍​អង្កេត​មួយ​នេះ​ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ ព្រៃឈើ​ដែល​កម្ពុជា​លក់​ទៅ​ឱ្យ​កូរ៉េ​សម្រាប់​ទទួល​បាន​កាបូន​នោះ ត្រូវ​បាន​កាប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​នោះ​ព្រៃឈើ ៣៧% ក្នុង​តំបន់​គម្រោង​រេដបូក បាន​បាត់បង់ និង​ខូចខាត​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​ចាប់តាំង​ពី​គម្រោង​សាកល្បង​បង្កើត​ឡើង។

ប្រភព​ដដែល​បញ្ជក់​ថា ព្រៃឈើ​ដែល​បាត់បង់ និង​ខូចខាត​បន្ទាប់ពី​ក្រុម​ការងារ​មួយ​បាន​ចុះ​ទៅ​ពិនិត្យ​ព្រៃ​សហគមន៍​ចំនួន ១៣ ក្នុង​ចំណោម​ព្រៃ​សហគមន៍​ចំនួន ១៤ នៅ​ក្នុង​តំបន់​គម្រោង​រេដបូក នៅ​ខេត្ត​កំពង់ធំ។ ប៉ុន្តែ​យោង​តាម​ទិន្នន័យ​ផ្កាយរណប​សាធារណៈ​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ​ម៉ារីលែន ឲ្យ​ដឹង​ថា ផ្ទៃដី​ព្រៃឈើ​ក្នុង​តំបន់​រេដបូក បាន​ថយ​ចុះ​ពី​ប្រហែល​ជាង ៥​ម៉ឺន ៦​ពាន់​ហិកតារ​ក្នុង​ឆ្នាំ​២០១៥ មក​នៅ​ត្រឹម​ប្រហែល​ជាង ៣​ម៉ឺន ៥​ហិកតារ នៅ​ចុង​ឆ្នាំ​២០២០។ ការ​បាត់បង់​ព្រៃឈើ​នេះ គឺ​ស្មើ​នឹង​ផ្ទៃដី ២៤​ដង​នៃ​ទំហំ​កោះ​អ៊ីយូដូដូ របស់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង។

ក្រុម​ការងារ​ស្រាវជ្រាវ បាន​អះអាង​ថា ការ​ខូចខាត និង​បាត់បង់​ព្រៃឈើ​នៅ​តំបន់​រេដបូក ធំ​ជាង​អ្វី​ដែល​បាន​ឃើញ​នៅ​លើ​ផ្កាយរណប ដោយសារតែ​ការ​បាត់បង់ និង​ខូចខាត​រហូត​ដល់ ៤៥% នៃ​គម្រប​ព្រៃឈើ​ទាំងមូល។ លើស​ពី​នេះ អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជាង​នេះ​ទៅទៀត គឺ​អត្រា​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២១ ព្រៃឈើ​ដល់​ទៅ ៨,៣% បាន​បាត់បង់ ខណៈ​នៅ​ឆ្នាំ​២០២០ ព្រៃឈើ​ចំនួន ៨,៧៦% បាន​បាត់បង់​នៅ​ក្នុង​តំបន់​គម្រោង​រេដបូក។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ពុល​ដែល​បំភាយ​លើ​ផែនដី គឺ​ពិតជា​ដូច​លោក ហ៊ុន សែន បាន​លើកឡើង​ប្រាកដ​មែន ប៉ុន្តែ​អ្វី​ដែល​ខុស​នោះ គឺ​មេដឹកនាំ​កម្ពុជា​រូប​នេះ​គ្មាន​ចំណាត់ការ​ពិតប្រាកដ​ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ផែនការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នោះ​ទេ។

លោក​បន្ត​ថា ដើម្បី​អាច​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឬ​ឧស្ម័ន​ពុល​លើ​ផែនដី​បាន កម្ពុជា​ត្រូវ​ថែរក្សា​ព្រៃឈើ​ដែល​មាន​ស្រាប់ និង​ដាំដុះ​បន្ថែម។ លើស​ពី​នេះ លោក​ថា​មិន​ត្រូវ​លុប​បឹងបួ​បន្ត​ទៀត​នោះ​ទេ ព្រោះថា​ទាំង​ព្រៃឈើ និង​បឹងបួ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​កាត់បន្ថយ​ឧស្ម័ន​ពុល​លើ​ផែនដី។

លោក​បន្ថែម​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​លុប​បឹងបួ​នានា គឺជា​ការ​ជួយ​ជំរុញ​ឲ្យ​ឧស្ម័ន​ពុល​អាច​បំភាយ​លើ​ផែនដី​កាន់តែ​ខ្លាំង ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ។

មន្ត្រី​ឃ្លាំមើល​សង្គម​រូប​នេះ​រិះគន់​ថា លោក ហ៊ុន សែន ចេះ​ត្រឹមតែ​និយាយ​ប៉ុណ្ណោះ ខណៈ​ចំណាត់ការ​លើ​មន្ត្រី​ខិលខូច និង​ឈ្មួញ​ទុច្ចរិត​ដូចជា​លោក ទ្រី ភាព ជាដើម ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ​រាប់​សែន​ហិកតារ​ក្នុង​មួយ​ឆ្នាំៗ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី មិន​ដែល​ត្រូវ​បាន​វែក​មុខ​យក​ទៅ​កាត់ទោស​ចំពោះ​មុខ​ច្បាប់​ម្តង​ណា​ឡើយ។

បែប​នេះ​ក្តី កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រសួង​បរិស្ថាន បាន​អះអាង​ថា ក្រសួង​បាន​កំណត់​ទិសដៅ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាមរយៈ​វិស័យ​ព្រៃឈើ​ឱ្យ​នៅ​កម្រិត​សូន្យ​ភាគរយ (០%) នៅ​មុន​ឆ្នាំ​២០៤០ ដូចជា៖

  • ធានា​ឱ្យ​បាន​នូវ​តុល្យភាព​នៃ​ការ​បំភាយ និង​ការ​ស្រូប​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​វិស័យ​ព្រៃឈើ
  • ការ​បង្កើន​កម្រិត​ជីវភាព​សហគមន៍​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​ទៅលើ​អនុផល​ព្រៃឈើ
  • និង​ការ​ពង្រឹង​ប្រភព​ផ្គត់ផ្គង់​ផលិតផល​ឈើ​ដោយ​វិធានការ​ការពារ​ព្រៃឈើ​ធម្មជាតិ​ឲ្យ​ម៉ឺងម៉ាត់​ផង​ដែរ។

យ៉ាងណាក៏ដោយ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ការពារ​ព្រៃឈើ គឺ​មិន​មាន​ប្រសិទ្ធភាព​ដូច​ការ​អះអាង​របស់​ខ្លួន​ឡើយ។ ជាក់ស្តែង ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) ក៏​បាន​ដក​ជំនួយ​របស់​ពួកគេ​ដែរ​កាលពី​ដើម​ឆ្នាំ​២០២១ នេះ ចំពោះ​វិធានការ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល​កម្ពុជា​កន្លងមក។

ជុំវិញ​បញ្ហា​នេះ អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក (The Global Initiative Against Transnational Organized Crime) បាន​ឲ្យ​ដឹង​កាលពី​ដើម​ឆ្នាំ​២០២១ នេះ​ថា ចន្លោះ​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ​២០១៨ កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ជិត ៦​សែន​ហិកតារ​នៅ​ក្នុង​តំបន់​អភិរក្ស​របស់​ខ្លួន ដែល​ស្មើ​នឹង ១១,៧​ភាគរយ​នៃ​តំបន់​ការពារ​សរុប​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​មួយ​ចំនួន។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្រុមហ៊ុន ទ្រី ភាព បាន​ស្នើសុំ​លោក ហ៊ុន សែន នាំចេញ​ឈើ​កែច្នៃ​គ្រប់​ប្រភេទ​តាម​ច្រក​អូរយ៉ាដាវ ខេត្ត​រតនគិរី ច្រក​វ៉ាលី ខេត្ត​ក្រចេះ និង​ច្រក​កំពង់ផែ​អន្តរជាតិ ជាដើម ហើយ​រហូត​មក​ទល់​ពេលនេះ ក្រុមហ៊ុន ទ្រី ភាព ក៏​នៅតែ​បន្ត​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស ជាពិសេស​ទៅកាន់​ប្រទេស​វៀតណាម​តែ​ម្តង ដែល​នាំ​ឲ្យ​វៀតណាម​ចំណេញ​ពី​ឈើ​របស់​ខ្មែរ​យ៉ាង​សម្បើម។

របាយការណ៍​រដ្ឋបាល​ព្រៃឈើ​ប្រទេស​វៀតណាម ដែល​ចេញ​ផ្សាយ​កាលពី​ខែ​កក្កដា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ នេះ វៀតណាម​បាន​នាំ​ឈើ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជិត ៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០ ដែល​ចំណូល​នេះ​បាន​កើន​ឡើង​ទ្វេដង។

ចំណែក​កម្ពុជា​វិញ បើ​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញ​ផ្សាយ​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១ ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០២១ នេះ ចំណូល​ដែល​កម្ពុជា​បាន​ពី​ព្រៃឈើ​មាន​ចំនួន​តែ​ជាង ១​លាន ៥​សែន​ដុល្លារ​អាមេរិក (១៥៣៨៦៧១​ដុល្លារ) ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស