32 C
Phnom Penh

ក្រុម​អ្នក​ឃ្លាំមើល៖ ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រដ្ឋាភិបាល​គួរតែ​ផ្តល់​ជម្រើស​ដល់​ពួកគាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត លើកឡើង​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ការ​ទទួល​យក​ថ្នាំបង្ការ​ជំងឺ Covid-19 រដ្ឋាភិបាល​គួរ​ផ្តល់​លទ្ធភាព​ជ្រើសរើស​វ៉ាក់សាំង​ដែល​ពលរដ្ឋ​ចង់បាន ជាជាង​ជំរុញ ឬ​បង្ខំ​ឲ្យ​ពួកគាត់​ទទួល​យក​វ៉ាក់សាំង​ដែល​ពួកគាត់​មិនទាន់​មាន​ទំនុក​ចិត្ត។

ការ​អះអាង​របស់​អ្នក​ឃ្លាំមើល​សង្គម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​កម្ពុជា​ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​ឲ្យ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង Covid-19 ដូស​ទី​១ កាលពី​ពេល​ថ្មីៗ​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា ការ​មិន​ហ៊ាន​សម្រេច​ចិត្ត​ទទួល​យក​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដោយសារ​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​មិន​ដែល​បាន​បង្ហាញ​របាយការណ៍​ជាក់លាក់​ណាមួយ​ពី​ប្រសិទ្ធភាព​វ៉ាក់សាំង​ដែល​ខ្លួន​បាន​ប្រើប្រាស់​កន្លងមក​នោះ​ទេ។

លោក​អះអាង​ថា ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​លើ​វ៉ាក់សាំង ក៏ដូចជា​ជំនឿ​ចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​អំពាវនាវ​ឲ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​នេះ រដ្ឋាភិបាល​គួរតែ​រៀបចំ​ការ​ផ្សព្វផ្សាយ​ពី​គុណភាព​របស់​វ៉ាក់សាំង​ដោយ​មន្ត្រី​ជំនាញ​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​ពលរដ្ឋ​នៅ​តាម​សហគមន៍ ដោយ​ចៀសវាង​នូវ​ការ​បំភ័យ ឬ​វិធានការ​រឹត​បន្តឹង​ណាមួយ​ទៅលើ​ពួកគាត់​ក្នុង​ការ​កៀរគរ​ឲ្យ​ចូលរួម​ទទួល​យក​វ៉ាក់សាំង​នេះ។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ចេញ​លិខិត​ណែនាំ​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ធ្វើការ​ផ្សព្វផ្សាយ​លើក​ទឹកចិត្ត​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ឲ្យ​ទៅ​ទទួល​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដូស​ទី​១ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​សម្រេច​ផែនការ​ផ្តល់​វ៉ាក់សាំង​លើ​ពលរដ្ឋ​គោលដៅ ១០​លាន​នាក់។ អ្នក​នាំពាក្យ​រូប​នេះ​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កៀរគរ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​រៀបចំ​ផែនការ និង​ចលនា​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដែល​មិនទាន់​ទទួល​បាន​វ៉ាក់សាំង​ទាំងនោះ ទៅ​ទទួល​ថ្នាំបង្ការ Covid-19 ដោយ​ស្ម័គ្រចិត្ត ដើម្បី​ធានា​នូវ​ភាព​ស៊ាំ​ទូទាំង​សហគមន៍ និង​ឈាន​ទៅ​រក​ការ​បើក​ឡើងវិញ​នូវ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ឲ្យ​បាន​ឆាប់។

ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​វាយលុក​ពី​រលក​ទី​៣ នៃ​វីរុស Covid-19 បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) ដែល​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​បរទេស និង​អ្នក​ដំណើរ​តាម​យន្តហោះ បុគ្គលិក​សុខាភិបាល និង​មន្ត្រី​រាជការ​ដែល​មាន​ចំនួន​ជិត ៥០០​នាក់​ហើយ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១។ ករណី​នេះ កំពុង​បង្ក​ហានិភ័យ​ដល់​រាជធានី-ខេត្ត​ជិត ២០​រាជធានី-ខេត្ត​នៅ​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​នេះ។

ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​ដូស​ទី​១ បាន​ចំនួន​ជាង ៩​លាន ១​សែន​នាក់​ហើយ រីឯ​ដូស​ទី​២ មាន​ចំនួន​ជាង ៧​លាន ៤​សែន​នាក់ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ៣​សែន ១​ម៉ឺន​នាក់ ខណៈ​កុមារ​ចាក់​បាន ៣២,២៥​ភាគរយ​ផង​ដែរ។

ជំងឺ Covid-19 ជា​ប្រភេទ​ជំងឺ​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ជំនាន់​ទី​៥ ក្នុង​រយៈពេល ១០០​ឆ្នាំ​កន្លងមក​នេះ។ ជំងឺ​ឆ្លង​កាច​សហាវ​ប្រភេទ​នេះ ធ្លាប់​បាន​កើតឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩១៨ មាន​ឈ្មោះ​ថា H1N2 ឬ​ហៅថា Spanish Flu និង​លើក​ទី​២ បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៥៧ ឈ្មោះ​ថា H2N2 ឬ​ហៅថា Asian Flu។ ដោយឡែក​លើក​ទី​៣ បាន​ផ្ទុះ​ជំងឺ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា H3N2 ឬ​ហៅថា Hong Kong Flu និង​លើក​ទី​៤ បាន​កើតឡើង​ក្នុង​ឆ្នាំ​២០០៩ មាន​ឈ្មោះ​ថា H1N1 ឬ​ហៅថា Pandemic Flu។

ប៉ុន្តែ​ជំងឺ Covid-19 នៅ​ពេលនេះ​មាន​ទម្រង់​កាច​សាហាវ​ជាង​ជំងឺ​មុនៗ ដោយសារតែ​ជំងឺ​នេះ​ចេះ​បំប្លែង​ខ្លួន​ទៅជា​ប្រភេទ​ថ្មី​ផ្សេងៗ​គ្នា​ដែល​ជា​មូលហេតុ​ពិបាក​ក្នុង​ការ​ទប់ស្កាត់ ខណៈ​កម្ពុជា​ព្យាយាម​ប្រើ​វ៉ាក់សាំង​ដល់​ទៅ ៤​ប្រភេទ គឺ Sinovac, Sinofam, AstraZeneca និង Jonhson & Jonhson ដើម្បី​ទប់ស្កាត់​រោគ​ឆ្លង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស