27 C
Phnom Penh

លោក រ៉ុង ឈុន ស្នើ​ចៅក្រម​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង

បទវិភាគ

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន និង​សម្រេច​ក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង។

ការ​សំណូមពរ​នេះ ធ្វើឡើង​ចុងក្រោយ​នៃ​ការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សំណុំរឿង​មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន កញ្ញា សរ កណិកា និង​លោក តុន និមល នៅ​ថ្ងៃ​សុក្រ ក្រោម​បទ​ចោទប្រកាន់ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily។

អ្នកស្រី​បន្ត​ថា មុន​នឹង​បញ្ចប់​សវនាការ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា ប្រាប់​ឱ្យ​លោក រ៉ុង ឈុន ធ្វើការ​សំណូមពរ​ចុងក្រោយ។

ករណី​នេះ លោក រ៉ុង ឈុន បាន​សំណូមពរ​ទៅ​ចៅក្រម​ជំនុំ​ជម្រះ​ឱ្យ​កាត់ក្ដី​ចៀសវាង​នូវ​អគតិធម៌​ទាំង​បួន ក្នុង​នោះ​មាន​សេចក្តី​លម្អៀង​ព្រោះ​ស្រឡាញ់ សេចក្តី​លម្អៀង​ព្រោះ​ស្អប់ សេចក្តី​លម្អៀង​ព្រោះ​ពុំ​យល់​ការ​ខុសត្រូវ សេចក្តី​លម្អៀង​ព្រោះ​ខ្លាច​អំណាច ឬ​ខ្លាច​ចិត្ត​គេ។

លើស​ពី​នេះ លោក រ៉ុង ឈុន បាន​សំណូមពរ​ឱ្យ​ចៅក្រម​សម្រេច​សេចក្ដី​តាម​វិជ្ជាជីវៈ​ដែល​បាន​ស្បថ​មុន​ចូល​កាន់​តំណែង​ជា​ចៅក្រម។

អ្នកស្រី អ៊ុក ឆាយ៉ាវី បន្ត​ថា ការ​សំណូមពរ​នេះ​ត្រូវ​បាន​ចៅក្រម​គោះ​តុ​ឱ្យ​ឈប់​និយាយ និង​ចាត់ទុក​ចំណុច​ដែល​លោក រ៉ុង ឈុន លើកឡើង​មិនមែន​ជា​សំណូមពរ។ ចៅក្រម​ជំនុំ​ជម្រះ លោក លិ សុខា បាន​ទាមទារ​ឱ្យ​លោក រ៉ុង ឈុន សំណូមពរ​បន្ត​ទៀត ប៉ុន្តែ​លោក រ៉ុង ឈុន បាន​បដិសេធ ដោយ​ថា​លោក​កំពុង​សំណូមពរ​ហើយ តែ​លោក​ចៅក្រម​មិន​ឱ្យ​និយាយ ដូច្នេះ​លោក​មិន​មាន​អ្វី​ត្រូវ​និយាយ​ទៀត​នោះ​ទេ។

ក្រោយ​ការ​សួរ​ដេញដោល​នៅ​ព្រឹក​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ចៅក្រម​ជំនុំ​ជម្រះ លោក លិ សុខា បាន​ឱ្យ​ភាគី​មេធាវី​រដ្ឋាភិបាល តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន ធ្វើ​សេចក្តី​សន្និដ្ឋាន​រៀងៗ​ខ្លួន។

មេដឹកនាំ​សហជីព និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន

អ្នកស្រី អ៊ុក ឆាយ៉ាវី សំណូមពរ​ឲ្យ​មន្ត្រី​តុលាការ​ខ្មែរ​គួរ​មាន​ភាសា​ឲ្យ​មាន​សីលធម៌​ស្របតាម​វិជ្ជាជីវៈ​របស់​ខ្លួន។

តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល ស្នើ​ទៅ​ចៅក្រម​ឲ្យ​លោក រ៉ុង ឈុន សង​ជំងឺចិត្ត​ចំនួន ៥០០០​លាន​រៀល ដោយសារ​ការ​ចុះ​ទៅ​ព្រំដែន​កាលពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២០ និង​សេចក្តី​ថ្លែងការណ៍​របស់​លោក​មាន​លក្ខណៈ​ញុះញង់ និង​អាច​ជះឥទ្ធិពល​ដល់​មហាជន​បង្ក​ជា​ការ​វឹកវរ​ផ្សេងៗ។

ចំណែក​ក្រុម​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងឺ លោក សំ សុគង់ និង​លោក កែត ឃី បាន​ស្នើសុំ​ឱ្យ​ចៅក្រម​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​កូនក្ដី​ឱ្យ​មាន​សេរីភាព​វិញ ដោយ​លើក​ហេតុផល​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក រ៉ុង ឈុន ដែល​ចេញ​នោះ​មិន​មាន​ពាក្យពេចន៍ និង​ខ្លឹមសារ «ញុះញង់» នោះ​ទេ។

លើស​ពី​នេះ ក្រុម​មេធាវី​ក៏​បាន​ព្យាយាម​បកស្រាយ​ម្តង​មួយៗ​នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្ដី​ថ្លែងការណ៍​នៅ​ត្រង់​កថាខណ្ឌ​ទី​៤ ថា ពលរដ្ឋ​មាន​សិទ្ធិ​យល់ឃើញ ប៉ុន្តែ​បើ​សិន​រាល់​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ត្រូវ​បាន​តុលាការ​ចាត់ទុក​ថា​ជា​ការ​ញុះញង់ នោះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​រឿង​អយុត្តិធម៌។

ករណី​នេះ លោក​ថា​បើ​គ្រប់​ការ​យល់ឃើញ​សុទ្ធតែ​ជា​ការ​ញុះញង់ នោះ​មនុស្ស​ត្រូវ​កាត់​ក្បាល​ខ្លួនឯង រួច​ដក​ខួរក្បាល​ចេញ​ហើយ ព្រោះ​មនុស្ស​មាន​ការ​យល់ឃើញ​ផ្សេង​គ្នា មនុស្ស ១០០​នាក់ យល់ឃើញ​ផ្សេង​គ្នា​ទាំង ១០០​នាក់។ លោក​ស្នើ​តុលាការ​ពិនិត្យ​មើល​មាត្រា​៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ការ​បកស្រាយ​ច្បាប់​ត្រូវ​មាន​លក្ខណៈ​តឹងរ៉ឹង មិន​ពង្រីក​ឲ្យ​យឺត​ដូច​កៅស៊ូ។

ក្រោយ​ពី​សួរ​ដេញដោល និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន ចៅក្រម​ជំនុំ​ជម្រះ លោក លិ សុខា សម្រេច​លើក​ពេល​សាលក្រម​ទៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ខាងមុខ​នេះ។

លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ក្រោយ​ពី​លោក​អត្ថាធិប្បាយ និង​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ជាប់​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-វៀតណាម។ គិត​តាំង​ពី​ថ្ងៃ​ចាប់ខ្លួន​រហូត​មកដល់​ពេលនេះ លោក រ៉ុង ឈុន ត្រូវ​បាន​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល ១​ឆ្នាំ​មក​ហើយ។ ចំណែក​កញ្ញា សរ កណិកា និង​លោក តុន និមល ជា​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​មាន​ការ​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស